មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ជូនអ្នកពាក់ព័ន្ធដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់
13-02-2026 15:20
(ស្វាយរៀង)៖ លោក គុយ ឆាយ រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ នៅសាលាខេត្តស្វាយរៀង។
ពិធីផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីលោក ឌុច គន្ធា អភិបាលរងខេត្ត តំណាងអភិបាលខេត្តស្វាយរៀង លោកស្រី ខៀវ មាលតី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ កញ្ញាឧសថបណ្ឌិត ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស លោក ឈឹម បុរស ប្រធានមន្ទីរ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលក្រុងស្រុកសរុប ២៩២នាក់។
ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះ លោក ឌុច គន្ធា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជូនដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តស្វាយរៀង។
លោក គុយ ឆាយ បានថ្លែងបើកកិច្ចប្រជុំ ដោយគូសបញ្ជាក់អំពីសាវតា នៃកិច្ចដំណើរការការតាក់តែងរៀបចំគោលនយោបាយឡើង ក៏ដូចជាគោលបំណង គោលដៅគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ និងបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការអនុវត្តនូវគោលនយោបាយជាតិនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ។
លោកបានបន្តថា គោលបំណង នៃកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែច្បាស់អំពីចក្ខុវិស័យ គោលដៅ និងកម្មវិធីនយោបាយនៃគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនបទ ព្រមទាំងជំរុញឲ្យគ្រប់ ភាគីពាក់ព័ន្ធចូលរួមអនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាព ស្របតាមតួនាទី និងភារកិច្ចរបស់វិស័យនីមួយៗ ស្របតាមអភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» ដែលរួមគ្នាកសាងនូវ «សហថាមពល» ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះលោកស្រី ខៀវ មាលតី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងកញ្ញាឧសថបណ្ឌិត ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស បានឡើងធ្វើបទបង្ហាញ លម្អិតអំពីខ្លឹមសារសំខាន់ៗ នៃគោល នយោបាយជាតិនេះជូនអង្គប្រជុំ និងបានពិភាក្សាផ្លាស់ប្តូរយោបល់ និងសំណួរចម្លើយជាមួយតំណាងមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក៏ដូចជារដ្ឋបាលក្រុងស្រុក ប្រកបដោយបរិយាកាសរីករាយ ស្និតស្នាល និងការទទួលខុសត្រូវខ្ពស់។
លោករដ្ឋលេខាធិការ បានផ្តាំផ្ញើរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសិក្សាស្វែងយល់ស៊ីជម្រៅពីគោល នយោបាយជាតិនេះ និងចូលរួមអនុវត្តតាមតួនាទី និងភារកិច្ចតាមវិស័យនីមួយៗរៀងៗខ្លួនដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន និងជាប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិទាំងមូល៕


























