គ្រួសារសិស្សក្រីក្រ ដែលប្រឡងជាប់បាក់ឌុបនិទ្ទេស A ទទួលបានផ្ទះ១ខ្នង ដែលជាអំណោយសម្តេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
13-02-2026 15:26
(តាកែវ)៖ គ្រួសារសិស្សក្រីក្រមួយគ្រួសារ ដែលមានកូនប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទ្ទេស A កាលពីឆ្នាំសិក្សា២០២៤ បានទទួលអំណោយផ្ទះ១ខ្នង ពីសម្តេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជាខេត្តតាកែវ។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារ ឬគ្មានទីជម្រកឡើយ។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការផ្ដល់ផ្ទះជូនក្មួយប្រុសជ័យលាភីនិទ្ទេស A នាពេលនេះ គឺជាការលើកទឹកចិត្តដល់យុវជនដែលតស៊ូក្នុងការសិក្សា ទោះក្នុងកាលៈទេសៈលំបាក។
ផ្ទះនេះមិនមែនគ្រាន់តែជាជម្រកការពារកម្ដៅថ្ងៃ និងភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ផ្ទះមេត្តាធម៌» ដែលសបញ្ជាក់ពីការផ្ដល់តម្លៃលើចំណេះដឹងរបស់ថ្នាក់ដឹកនាំ មកលើកូនចៅប្រជាពលរដ្ឋស្លូតត្រង់។
ជាមួយគ្នានេះ ក្រុមគ្រួសារម្ចាស់ផ្ទះ បានសម្ដែងនូវក្ដីរំភើបឥតឧបមា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់នូវមហាអំណោយដ៏ធំធេង និងមានតម្លៃបំផុតសម្រាប់ជីវិតរបស់ពួកគាត់ និងបានប្ដេជ្ញាចិត្តជំរុញកូនប្រុសឱ្យបន្តការសិក្សាឱ្យដល់កម្រិតខ្ពស់បំផុត ដើម្បីយកចំណេះដឹងមកជួយគ្រួសារ និងសង្គមជាតិវិញ។
សូមបញ្ជាក់ថា ផ្ទះមួយខ្នងដែលជាអំណោយ សម្តេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនគ្រួសារសិស្សក្រីក្រប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទ្ទេស A កាលពីឆ្នាំសិក្សា ២០២៤ ឈ្មោះ ស៊ុន រ៉េ ភេទប្រុស អាយុ១៨ឆ្នាំ ម្តាយឈ្មោះ ឈឿន ចន្ថា អាយុ៥៦ឆ្នាំ ស្រ្តីមេម៉ាយ និងឪពុកឈ្មោះ ខឹម សារ៉ាត អតីតវីរៈកងទ័ព (ស្លាប់) ស្ថិតនៅភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ មានបងប្រុសឈ្មោះ អឿន រ៉ាវី ជាវីរៈកងទ័ពនៅជួរមុខ ដែលឈរជើងនៅទិសប្រាសាទព្រះវិហារ។
ផ្ទះដែលសាងសង់រួលរាល់នេះ មានទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ជញ្ជាំង និងតួផ្ទះធ្វើអំពីដែក ដំបូលប្រក់សង្ក័សីក្រុមហ៊ុន តសំយ៉ាបមុខផ្ទះ ២.៥ម៉ែត្រ និងតសំយ៉ាបក្រោយផ្ទះ ២.៥ម៉ែត្រ ហើយក៏រៀបឥដ្ឋជញ្ជាំងកម្ពស់១ម៉ែត្រ នៅផ្នែកខាងក្រោម ព្រមទាំងចាក់សាបមុខផ្ទះផងដែរ៕

















