ក្រសួងអភិវឌ្ឍន៍ជនបទ ផ្សព្វផ្សាយ «គោលនយោបាយជាតិ២០២៥-២០៣៥» នៅខេត្តរតនគិរី ដោយប្តេជ្ញាប្រែក្លាយជីវភាពពលរដ្ឋជនបទឲ្យកាន់តែសម្បូរសប្បាយ និងមានចីរភាព
13-02-2026 16:14
(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥»។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដោយមានការចូលរួមពីជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ ដែលបង្ហាញពីសាមគ្គីភាពក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ។
ក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ថា គោលនយោបាយជាតិរយៈពេល១០ឆ្នាំនេះ មិនត្រឹមតែជាការអភិវឌ្ឍរូបវ័ន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងប្រព័ន្ធអេកូឡូស៊ីរស់នៅដ៏រឹងមាំសម្រាប់ពលរដ្ឋជនបទ ដោយផ្តោតលើគោលដៅអាទិភាពចំនួន៤៖
*១៖ ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា៖ ការតភ្ជាប់ផ្លូវជនបទឲ្យក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏រឹងមាំ
*២៖ សុខភាព និងអាយុសង្ឃឹមរស់៖ ធានាឲ្យពលរដ្ឋទទួលបានសេវាសុខាភិបាល និងអាហារូបត្ថម្ភល្អ
*៣៖ សន្តិសុខ និងបរិស្ថានស្អាត៖ បង្កើតភូមិឋានដែលមានសុវត្ថិភាព គ្មានការភ័យខ្លាច និងមានបរិស្ថានបៃតង
*៤៖ កំណើនប្រាក់ចំណូលចីរភាព៖ បង្កើនឱកាសការងារ និងមុខរបរនៅនឹងកន្លែង ដើម្បីកាត់បន្ថយការចំណាកស្រុក។ ការផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
គោលនយោបាយថ្មីនេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដើម្បីគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ គោលដៅចម្បង គឺការកាត់បន្ថយអត្រាភាពក្រីក្រឲ្យចុះមកក្រោម១០% និងការរៀបចំគ្រឹះដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ «យើងមិនទុកចោលតំបន់ណាមួយឡើយ មិនថាជាតំបន់ទំនាប បឹងទន្លេសាប ឆ្នេរសមុទ្រ ឬខ្ពង់រាប ជាពិសេសតំបន់តាមបន្ទាត់ព្រំដែន នឹងត្រូវប្រែក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍពិតប្រាកដ»។
លោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយនេះគឺជា «ទំព័រថ្មី» សម្រាប់ខេត្ត។ លោកសង្កត់ធ្ងន់ថា រដ្ឋបាលខេត្ត នឹងសហការជាមួយគ្រប់ស្ថាប័ន ដើម្បីធានាថា ការអភិវឌ្ឍនឹងទៅដល់ដៃពលរដ្ឋគ្រប់រូប ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលរដ្ឋបាលខេត្តរតនគិរី ក្រោមការដឹកនាំរបស់ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជម្រុញការអភិវឌ្ឍ នានា នៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្វើឲ្យខេត្តទាំងមូលមានសោភ័ណ្ឌភាព។
ក្នុងនោះផងដែរ មកដល់ថ្ងៃនេះក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូ បានជួយប្រជាពលរដ្ឋក្នុងខេត្តរតនគិរី លើកកម្ពស់នូវការរស់នៅដោយមានទឹកស្អាត អប់រំណែនាំប្រជាពលរដ្ឋ២ឲ្យរក្សាអនាម័យ និងជាមោទនភាពដែលខេត្តរតនគិរី ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលផងដែរ។
សូមបញ្ជាក់ថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ គឺជាក្តីសង្ឃឹមថ្មីសម្រាប់កសាងអនាគតជនបទកម្ពុជា ដែលមិនត្រឹមតែមានផ្លូវ មានទឹក មានភ្លើងប៉ុណ្ណោះទេ ប៉ុន្តែគឺជាសហគមន៍ដែលពោរពេញដោយស្នាមញញឹម និងភាពចម្រុងចម្រើនប្រកបដោយចីរភាព៕






