ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា

13-02-2026 21:20

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Vladanka Andreeva ដែលទើបនឹងទទួលបានការតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះលោកស្រី Vladanka Andreeva ដែលបានវិលត្រឡប់មកកម្ពុជាវិញក្នុងតួនាទីថ្មី និងបានគូសបញ្ជាក់អំពីជំហរដ៏មុតមាំរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការសហប្រជាជាតិ ក៏ដូចជាទីភ្នាក់ងារ និងស្ថាប័ននានាក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ (UN System)។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកអំពីភាពជាដៃគូដ៏យូរអង្វែងជាមួយនឹងអង្គការសហប្រជាជាតិ ពិសេសលើតួនាទីជាប្រវត្តិសាស្ត្ររបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) ក្នុងការរៀបចំការបោះឆ្នោតជាលើកដំបូងក្នុងឆ្នាំ១៩៩៣ រហូតដល់ដំណាក់កាលស្តារ និងការកសាងកម្ពុជាឡើងវិញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកសន្តិភាព ការរក្សាស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។

លោក វង្សី វិស្សុត ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការបង្កើត និងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាតុលាការគំរូមួយសម្រាប់ពិភពលោក និងបានកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមប្រកបដោយជោគជ័យ និងមានលក្ខណៈជាប្រវត្តិសាស្ត្រ។ បច្ចុប្បន្ននេះ អ.វ.ត.ក. បានបង្កើតឱ្យមានមជ្ឈមណ្ឌលធនធានមួយដែលកំពុងក្លាយជាកន្លែងដ៏ពេញនិយមរបស់យុវជន យុវនារី មកធ្វើការសិក្សាស្រាវជ្រាវ និងរៀនសូត្រ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ថា បញ្ហានេះមិនមែនជាជម្លោះព្រំដែនធម្មតាទេ តែជាសង្គ្រាមឈ្លានពានរបស់ថៃរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តខិតខំដោះស្រាយបញ្ហានេះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបើកប្រតិបត្តិការបោសសម្អាត និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលជាឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កំពុងជំរុញកម្មវិធីកែទម្រង់នានា ការជំរុញកំណើនសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាការងារ ប្រាក់ចំណូល និងជីវភាពប្រជាជន ពិសេសប្រជាជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្តក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់វាស់វែងអំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួច (Least Developed Country – LDC) នាពេលខាងមុខ។ ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះអង្គការសហប្រជាជាតិ រួមមាន UNICEF និង UNDP ជាដើម ក្នុងការគាំទ្រដល់ដំណើរការតាមដាន និងវាយតម្លៃនេះ។

លោកស្រី Vladanka Andreeva បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា រួមទាំងគោលដៅចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួចបំផុត (LDC) នៅឆ្នាំ២០២៩ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០Unique៣០។

លោកស្រីក៏បានសម្តែងការសោកស្តាយជាខ្លាំងចំពោះប្រជាជន និងគ្រួសារភៀសសឹក ដែលបានរងផលប៉ះពាល់ដោយជម្លោះព្រំដែនអស់រយៈពេល ៦ខែកន្លងទៅនេះ ហើយលោកស្រីនឹងបន្តចូលរួមផ្តល់ជំនួយមនុស្សធម៌ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើរការកាត់សេចក្តីអតីតមេដឹកនាំខ្មែរក្រហម ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានបទពិសោធខ្ពស់លើការងារនេះ។

លោកស្រី Vladanka Andreeva បានបញ្ជាក់ថា អង្គការសហប្រជាជាតិ និងទីភ្នាក់ងារនានា នឹងបន្តគាំទ្រផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីសម្រេចបាននូវការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងការត្រៀមខ្លួនក្នុងដំណាក់កាលក្រោយការចាកចេញពី LDC។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្លាស់ប្តូរមតិយោបល់លើបញ្ហាតំបន់ និងពិភពលោក ពិសេសតួនាទីមិនអាចខ្វះបានរបស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ច្បាប់អន្តរជាតិ ការការពារអធិបតេយ្យភាព និងការលើកកម្ពស់សន្តិភាព។ អង្គការសហប្រជាជាតិ គឺជាយន្តការដ៏សំខាន់សម្រាប់កិច្ចសន្ទនា និងការដោះស្រាយបញ្ហារួមគ្នាដូចជា៖ Online Scam, អស្ថិរភាពសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងវិបត្តិមនុស្សធម៌ជាដើម។

មុននឹងបញ្ចប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណដល់លោកស្រី Vladanka Andreeva ចំពោះភាពជាដៃគូដ៏ល្អ និងលើកទឹកចិត្តឱ្យបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។