ស្ថានីយអង់តែន 5G ជិត១៥០០បង្គោល ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីពន្លឿនការផ្តល់សេវា 5G នៅគោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន

13-02-2026 21:49

(ភ្នំពេញ)៖ ស្ថានីយអង់តែន 5G ​ប្រមាណជិត១៥០០បង្គោល ត្រូវបានប្រតិបត្តិករទូរសព្ទចល័តទាំង ៣ក្រុមហ៊ុន ដាក់ឱ្យដំណើរកា រដើម្បីពន្លឿនការផ្តល់សេវា 5G យ៉ាងសកម្ម នៅតាមគោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានជូនដំណឹងពីវឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា បានបញ្ជាក់ថា ​បន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័ត​ជំនាន់ទី៥ (5G) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រតិបត្តិករទាំង ៣ រួមមានក្រុមហ៊ុន ខេម ថ្មីអេសអេម ម.ក. ក្រុមហ៊ុន ស្មាត អាស្សាតា ខូអិលធីឌី និងក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានសម្រេចលទ្ធផល គួរឱ្យកត់សម្គាល់។

និយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ​ក្រុមហ៊ុន ស្អាត អាស្សាតា តា ខូអិលធីឌី ខូអិលធីឌី ​​បានដាក់ដំណើរការស្ថានីយអង់តែន 5G ​ចំនួន ៦៧៤ នៅតាមតំបន់ គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តជាច្រើន រួមមាន ខេត្តក្រចេះ, ខេត្តកណ្តាល, ខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តព្រះសីហនុ, ខេត្តមណ្ឌលគីរី, ខេត្តស្វាយរៀង និងខេត្តសៀមរាប។

ចំណែក ក្រុមហ៊ុនវៀតធេល (ខេមបូឌា) បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៥៣១ នៅតាមតំបន់គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តជាច្រើន រួមមាន ខេត្តក្រចេះ ខេត្តកណ្តាល ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តតាកែវ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុ, ខេត្តមណ្ឌលគីរី, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តស្ទឹងត្រែង, ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ, ខេត្តកែប, ខេត្តត្បូងឃ្មុំ, ខេត្តព្រះវិហារ និងខេត្តប៉ៃលិន។

រីឯ ក្រុមហ៊ុន ខេម ថ្មីអេសអេម ម.ក បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ២៨៩ នៅតាមតំបន់ គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

បច្ចុប្បន្ន ប្រតិបត្តិករទាំង ៣ កំពុងពន្លឿនការផ្តល់សេវា 5G យ៉ាងសកម្ម ដោយផ្តោតសំខាន់លើសេវាអ៊ីនធឺណិត ល្បឿនលឿនសម្រាប់ទាំងអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត និងគេហដ្ឋាន (5G Home Broadband) ព្រមទាំងផ្តល់បទពិសោធន៍កម្សាន្តកម្រិតខ្ពស់ និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់សហគ្រាស និងការតភ្ជាប់កម្រិតបញ្ជូនខ្ពស់ (High Bandwidth) សម្រាប់អាជីវកម្មឌីជីថល និងពង្រីកសេវាគ្របដណ្តប់ 4G បន្ថែមទៀត ដែលការណ៍នេះនឹងជំរុញឱ្យកម្ពុជា មានភាពប្រកួតប្រជែងខ្ពស់ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។

ទន្ទឹមនឹងវឌ្ឍនភាពនេះ ន.ទ.ក. នឹងបន្តជំរុញប្រតិបត្តិករទាំងអស់ ក្នុងកិច្ចសហការសាងសង់ស្ថានីយអង់តែន 5G ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីធានាឱ្យបាននូវវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ន.ទ.ក. ក៏នឹងបន្តតាមដាននិងជំរុញការពង្រឹងគុណភាពសេវា 4G ឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកធានាឱ្យបាន នូវការតភ្ជាប់ដែលមានស្ថិរភាពនិងប្រសិទ្ធភាពខ្ពស់៕