នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នលើការឆបោក ក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ

13-02-2026 21:51

(ភ្នំពេញ)៖ ក្រោយសង្កេតឃើញថានៅតែមានប្រជាពលរដ្ឋមួយចំនួនបានចាញ់បោកជនអនាមិកក្រោមរូបភាពការផ្តល់កម្ចីអនឡាញ, នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តអំពាវនាវ និងក្រើនរំលឹកជាថ្មីម្តងទៀត ដល់សារធារណជន ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម សូមមានការប្រុងប្រយ័ត្នលើការឆបោក ក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជន ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម សូមមានការប្រុងប្រយ័ត្នចំពោះការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការផ្តល់ប្រាក់កម្ចីអនទ្បាញ តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា ជាពិសេសតាមទំព័រហ្វេសប៊ុក និងតេលេក្រាម ដែលបានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ ក្រោមល័ក្ខខ័ណ្ឌដាក់ស្នើកម្ចីងាយស្រួលក្នុងគោលបំណងទាក់ទាញឱ្យប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ និងដាក់ស្នើកម្ចីអនឡាញនៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅតាមរយៈគណនីហ្វេសប៊ុក (Messenger) ជនអនាមិកនឹងតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមវិញ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមថា ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតំលៃស្នើប្រាក់កម្ចីរួច ជនអនាមិកតម្រូវឱ្យថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ និងថតរូបកន្លែងធ្វើការ ជាដើម បន្ទាប់មកជនអនាមិកបានផ្ញើ QR Code មកឱ្យពួកគាត់ ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាលជាដើម និងបន្តឱ្យវេរលុយជាបន្តបន្ទាប់ក្រោមមូលហេតុផ្សេងៗ រហូតផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានផ្តល់ប្រាក់កម្ចីដល់ជនរងគ្រោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះផ្ញើឱ្យធ្វើការគំរាម និងយករូបថតមិត្តភក្កិ បងប្អូន របស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកយកទៅបង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង៕