គ្រួសារកុមាររងគ្រោះដោយអំពើរំលោភសេពសន្ថវៈ ដែលមានជីវភាពជួបការលំបាក នៅខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌
14-02-2026 09:41
(បាត់ដំបង)៖ លោក សើ សាម៉េត អភិបាលស្រុក បានចាត់លោកស្រី ពៅ យ៉ានី អភិបាលរងស្រុក និងជាអនុប្រធានគណ:កម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាស្រុករតនមណ្ឌល និងសហការី នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាស្រុកបានចុះសួរសុខទុក្ខ និងពិគ្រោះយោបល់ជាមួយក្រុមគ្រួសារកុមារី២នាក់ រងគ្រោះដោយករណីរំលោភសេពសន្ថវៈ ស្ថិតនៅភូមិបាដាកជើង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
នាឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសណាក់ លោក សើ សារ៉េត ប្រធានអនុសាខាស្រុក ជាពិសេស លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រលំបាកដូចនេះ ដោយមិនប្រកាន់រើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោកថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
គ្រួសាររងគ្រោះទទួលបានអង្ករ ២០គីឡូក្រាម មី ៤០កញ្ចប់ នំចម្រុះ ១ថង់ ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ៣ដប ត្រីខ ៥កំប៉ុង ប្រេងឆា ១លីត្រ អំបិល ១គ.ក ប៊ីចេង ១ថង់ ស្ករស ០,៥ គ.ក ខ្ទឹមស ០,៥គ.ក ខោទឹកនោមក្មេង ១ថង់ធំ សម្លៀកបំពាក់ ២ថង់ធំ និងថវិកាមួយចំនួន ផងដែរ៕




