គណៈកម្មាធិការគណបក្សក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់អនុវត្តប្រចាំឆ្នាំ២០២៦
14-02-2026 10:12
(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់អនុវត្តប្រចាំឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណកម្មាធិការកណ្តាលគណបក្ស ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានគណ:កម្មាធិការបក្សក្រសួង។ ពិធីនេះ រៀបចំឡើងនៅសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភោជនីយដ្ឋានទន្លេបាសាក់ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណបក្សក្រសួងសរុប ៣០០នាក់។
ក្រោយពីស្តាប់របាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅដែលត្រូវអនុវត្តសម្រាប់ឆ្នាំ២០២៦ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក្នុងនាមគណៈកម្មាធិការគណបក្សក្រសួង បានសម្តែងនូវអំណរគុណស្មោះចំពោះ សមាជិក សមាជិកាគណបក្សក្រសួងទាំងមូល ដែលបានបន្ត គាំទ្រ រក្សាគោលជំហរ សតិអារម្មណ៍ហ្នឹងនរ និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងរីករាយអបអរសាទរចំពោះថ្នាក់ដឹកនាំបន្តវេន ដែលមានថាមពលខ្លាំងក្លា កំពុងបោះជំហានយ៉ាងស្វាហាប់ ក្នុងការបន្តវេនដឹកនាំនាវាកម្ពុជា។
លោកស្រីបានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបន្ថែមថា នៅចំពោះមុខកាលៈទេសៈដែលប្រទេសជាតិយើងបាននិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍក្នុងសន្ទុះដ៏ខ្លាំងក្លា កងទ័ពថៃបានបង្កើតសង្គ្រាមរំលោភបំពានយ៉ាងកម្រោលមកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែន ក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ខ្លួន។ នៅក្នុងសកម្មភាពរំលោភបំពាននេះ ពួកគេបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យរបស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ។
«សកម្មភាពបែបនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងបានបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយ។ ម្យ៉ាងទៀត សកម្មភាពបែបនេះក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌជាតិ និងពិភពលោកផងដែរ»។ នេះបើតាមលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងទៀតថា ចំពោះមុខស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីតាមគ្រប់យន្តការនិងស្របតាមច្បាប់អន្តរជាតិ ពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងនូវការគោរពដឹងគុណ និងគាំទ្រដោយឥតងាករេចំពោះការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោនិង សម្តេចមហាបវរធិបតី ព្រមទាំងវីរកងទ័ពនិងកងកម្លាំងនគរបាលទាំងអស់ដែលបាននិងកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកប ដោយជំហរលះបង់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត។
ជាមួយគ្នានេះ លោកស្រីបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារយុវជនគណបក្សក្រសួងយើង ដែលជានិច្ចកាលតែងបានរួមសហការអនុវត្តតាមការអំពាវនាវ និងការណែនាំចង្អុរបង្ហាញពីគណៈកម្មាធិការគណបក្សក្រសួង ពិសេសការចុះចិញ្ចឹមចលនានៅមូលដ្ឋានរហូតដល់ដណ្តើមបានជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជាបន្តបន្ទាប់គ្រប់អាណត្តិកន្លងមក៕
















