រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ តាមរយៈអត្ថបទសារព័ត៌មានអន្តរជាតិធំៗ ផ្សព្វផ្សាយពីការបំផ្លាញប្រាសាទព្រះវិហារ ដោយសព្វាវុធធុនធ្ងន់របស់ថៃ, ការដាក់ទូកុងតឺន័រ និងរាយលួសបន្លា ធ្វើឱ្យពិភពលោក ឃើញច្បាស់ពីចរិតនៃការឈ្លានពានទឹកដីកម្ពុជា ពីសំណាក់យោធាថៃ
14-02-2026 10:21
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានAFP, សារព័ត៌មានអន្តរជាតិធំរួម ទីភ្នាក់ងារព័ត៌មាន Reuters កាសែតជប៉ុន Nikkei Asia បានចុះទៅកាន់បណ្តាខេត្តនៅតាមព្រំដែនរួមមាន៖ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ដើម្បីចុះយកព័ត៌មានពីការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដោយការបាញ់ផ្លោងសព្វាវុធធុនធ្ងន់របស់ថៃមកលើបេតិកភណ្ឌពិភពលោក នៅក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់យោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ និងការរាយបន្លាលួស និងទូកុងតឺន័រ របស់យោធាថៃមកលើភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ចំណងជើងដែលទីភ្នាក់ងារសារព័ត៌មាន Reuters ដាក់គឺ «ប្រជាជនកម្ពុជា ដែលត្រូវបានផ្លាស់ទីលំនៅកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈជ័យជម្នះរបស់ក្រុមជាតិនិយមនៅប្រទេសថៃ បន្ថែមសម្ពាធកាន់តែខ្លាំងឡើង»។ ចំណែកកាសែតជប៉ុន Nikkei Asia ដាក់ចំណងជើងថា «ការខូចខាតនៅប្រាសាទព្រះវិហារ របស់កម្ពុជា បន្សល់ស្នាមរបួសព្រំដែនកាន់តែជ្រាលជ្រៅ»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈអត្ថបទសារព័ត៌មានធំៗទាំងពីរ ត្រូវបានសារព័ត៌មានផ្សេងៗទៀតយកទៅផ្សព្វផ្សាយបន្ត ដែលបានធ្វើឱ្យពិភពលោកកាន់តែឃើញច្បាស់ពីចរិតនៃការឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ៕









