ករណីក្មេងប្រុសបង្កហិង្សាលើមិត្តរួមម្នាក់ នៅអនុវិទ្យាល័យសម្ដេចឪ ក្រុងព្រះសីហនុ ត្រូវកម្លាំងអាវុធហត្ថនាំខ្លួនមកដោះស្រាយតាមផ្លូវច្បាប់
14-02-2026 12:31
(ព្រះសីហនុ)៖ ករណីក្មេងប្រុសសិស្សសាលាដែលបង្កហិង្សានៅក្នុងថ្នាក់រៀន ហើយផ្ទុះការចែកចាយវីដេអូនៃការធ្វើសកម្មភាពនៅតាមបណ្ដាញសង្គមនោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នាំខ្លួនយកទៅដោះស្រាយទៅតាមនីតិច្បាប់ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា ករណីហិង្សានេះ កម្លាំងរបស់លោកកំពុងដោះស្រាយតាមនីតីវិធី ដោយជួបជាមួយអាណាព្យាបាលរបស់ជនរងគ្រោះ និងជនបង្ក។ ក្មេងប្រុសរូបនេះ អាយុទើបតែ១៣ឆ្នាំ (7-1-2013)។
សម្រាប់ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ ស្ថិតនៅអនុវិទ្យាល័យសម្តេចឪ ក្រុងព្រះសីហនុ។ សកម្មភាពនៃការបង្កហិង្សានោះ ត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម ដែលបង្ហាញច្បាស់ថា ចរិកនៃការបង្កហិង្សានោះ គឺមានភាពឃោរឃៅ និងទាំងកម្រិល ព្រមទាំបានបង្កឲ្យក្មេងប្រុសម្នាក់រងរបួសប្រេះរលាក្បាលធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ការឈ្លោះគ្នារហូតឈានដល់ការបង្កហិង្សា គឺផ្ដើមពីរឿងទារលុយលេងឈូសស្បែកជើង។ បច្ចុប្បន្នក្មេងរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។
ដោយឡែក សម្រាប់នាយកអនុវិទ្យាល័យវិញ បានរងនូវការរិះគន់ផងដែរ ព្រោះមិនបានរាយការណ៍អំពីហេតុការណ៍ដែលបានកើតឡើង ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចភ្លាមៗ រហូតទាល់ផ្ទុះការចែកចាយវីដេអូនៅតាមបណ្ដាញសង្គម។
តាមច្បាប់ បុគ្គលគ្រប់រូបត្រូវទទួលខុសត្រូវទណ្ឌកម្មព្រហ្មទណ្ឌ ចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត ដោយឡែកអនីតិជនដែលមានអាយុក្រោម ១៤ឆ្នាំ ច្បាប់បានប្បញ្ញតិ្តថា ពុំត្រូវទទួលខុសត្រូវព្រហ្មទណ្ឌនោះទេពោលគឺអនីតិជនអាយុក្រោម ១៤ឆ្នាំ មិនត្រូវបានចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន និងផ្តន្ទាទោសនោះឡើយ៕











