គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាស្ដីពី «ជំហ៊ានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត»

14-02-2026 12:37

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាស្ដីពី «ជំហ៊ានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលជាការចែករំលែកដោយវាគ្មិនកិត្តិយស លោក កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កម្មវិធីនេះ បានប្រព្រឹត្តទៅនៅវិមាន ៧មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, លោក លី យ៉ុងផាត់ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលគណបក្ស និងតំណាងស្ថាប័នជំរុញគណៈកម្មាធិការកណ្ដាលគណបក្សជាច្រើនរូប។

បាឋកថានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែករំលែកនូវរឿងរ៉ាវប្រវត្តិសាស្រ្តដល់មន្រ្តីគណបក្សបន្តវេន ដោយវាគ្មិនកិត្តិយសដែលជាសាក្សីរស់ និងជាផ្នែកមួយ នៃដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងការបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះឈ្នះ។

តាមរយៈបទបង្ហាញផ្អែកលើបទពិសោធន៍ពិតពីតួអង្គដែលស្ថិតក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បាឋកថានេះបានផ្ដល់ការយល់ដឹងជ្រាលជ្រៅអំពីចក្ខុវិស័យវែងឆ្ងាយ និងការសម្រេចចិត្តដ៏ក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការជ្រើសរើសផ្លូវនយោបាយជំនួសអាវុធ ដើម្បីសម្រេចបាននូវការរួបរួម និងការឯកភាពជាតិពេញលេញ។ វេទិកានេះ បានរំលឹកពីគុណតម្លៃនៃថ្ងៃ ៧មករា ដែលជាមូលដ្ឋានគ្រឹះ នៃសន្តិភាពនៅកម្ពុជា និងជាមរតកផ្នែកស្មារតី សម្រាប់ការលើកកម្ពស់កតញ្ញុតា មោទនភាព និងភក្តីភាព ចំពោះជាតិ និងប្រជាជន។

លើសពីនេះ ការរៀបចំបាឋកថាដ៏មានសារៈសំខាន់នេះ គឺជាការចងក្រង និងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលជាភស្តុតាងប្រវត្តិសាស្ត្របញ្ជាក់ថា សុខសន្តិភាពដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការតស៊ូ ការលះបង់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំ និងឥស្សរជនកម្ពុជាជំនាន់មុន៕