កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងកម្ពុជា-កាណាដា ឆ្លុះបញ្ចាំងពីមិត្តភាពយ៉ាងរឹងមាំ និងភាពជាដៃគូជិតស្និទ្ធ
14-02-2026 14:03
(ភ្នំពេញ)៖ កម្ពុជា-កាណាដា បានរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីកម្ពុជា-កាណាដា លើកទី២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានលោក មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក អាឡិន បូមែន អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានីនៃក្រសួងការបរទេសកាណាដា ធ្វើជាសហប្រធាននៃកិច្ចពិគ្រោះនេះ។
ជាលទ្ធផល ភាគីទាំងពីរ បានគូសបញ្ជាក់សារៈសំខាន់នៃយន្តការពិគ្រោះយោបល់នេះ ហើយបានរម្លឹក លទ្ធផលវិជ្ជមាននៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ឡើងវិញ ដែលបានធ្វើឡើងនៅទីក្រុងអូតាវ៉ា កាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយបានកត់សម្គាល់វឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីពេលនោះមក។
ភាគីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នាជាថ្មី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និង កិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈពេលដែល កំពុងស្វែងរកកាលានុវត្តភាពថ្មីៗលើសក្តានុពលដែលមិនទាន់បានប្រើប្រាស់។
ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បាន ផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសរៀងៗខ្លួន និងបានពិភាក្សាវិធីផ្សេងៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការអប់រំ ទេសចរណ៍ ការពារជាតិនិងសន្តិសុខ ការដោះមីន សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ និងវិស័យផ្សេងៗដទៃទៀត ដែលមានផលប្រយោជន៍រួម។
នៅក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្តសាជាថ្មីក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ រួមទាំងការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ បេក្ខភាពនៅក្នុងវេទិកាអង្គការអន្តរជាតិ។
ទន្ទឹមនឹងនេះ លោក អាឡិន បូមែន បានសម្តែងចំណាប់អារម្មណ៍ថា ប្រទេសកាណាដាគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ នេះ។
ជាការឆ្លើយតប លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ប្រទេសកាណាដា និងបានបញ្ជាក់ការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ក្នុងការស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់របស់កាណាដាមកកាន់កិច្ចប្រជុំកំពូលក្នុងឆ្នាំនេះ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ រួមគ្នា ដូចជាព័ត៌មានថ្មីៗអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីរបស់ភាគី ទាំងពីរក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ក៏ដូចជាការ គោរពច្បាប់អន្តរជាតិ និងរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើមូលដ្ឋានច្បាប់។
កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសកាណាដា បានឆ្លុះបញ្ចាំងពីមិត្តភាពយ៉ាងរឹងមាំ និងភាពជាដៃគូជិតស្និទ្ធរវាងប្រទេសទាំងពីរ៕









