អំណោយអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ត្រូវបានប្រគល់ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាក្បិល ស្រុកកំពង់ស្វាយ

14-02-2026 14:15

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គង់ កៃដូ នាយករងខុទ្ទកាល័យក្រសួងមហាផ្ទៃ តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកសម្ភារសិក្សា ដែលជាអំណោយ អភិសន្តិបណ្ឌិត និងលោកជំទាវ ប្រគល់ជូនសិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាក្បិល ស្ថិតនៅភូមិក្បិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក គង់ កៃដូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសមានចិត្តដ៏ល្អផូរផង់ ព្រមទាំងក្តីស្រឡាញ់ដ៏ធំធេងរបស់អភិសន្តិបណ្ឌិត និងលោកជំទាវ ទៅកាន់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ ដើម្បីជាអំណោយដ៏ថ្លៃថ្លា ក្នុងឱកាស «ទិវាបុណ្យនៃក្តីស្រឡាញ់» ដែលបង្ហាញពីភក្តីភាព និងបេះដូងដ៏បរិសុទ្ធ ចំពោះកុមារា កុមារី ដែលជាទំពាំងស្នងឫស្សី ក៏ដូចជាសសរទ្រូងដ៏រឹងមាំរបស់ជាតិក្នុងពេលអនាគត។

ជាមួយគ្នានេះ អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី សសុខា និងក្រុមគ្រួសារ បានឧបត្ថម្ភអគារសាលាមត្តេយ្យសិក្សាចំនួនមួយខ្នង មានពីរបន្ទប់ ដើម្បីលើកកម្ពស់វិស័យអប់រំ និងដើម្បីឱ្យសិស្សានុសិស្សដែល ជាអ្នកស្នងមរតកជាតិ បានទទួលការអបរំ ប្រកបដោយ ផាសុកភាព និងសុវត្ថិភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត ដើម្បីអនាគតភ្លឺថ្លា និងចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត៕