ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបន្តបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្អែកលើវិធានការណ៍ជំនាញ និងច្បាប់ដោយម៉ឺងម៉ាត់

14-02-2026 14:21

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា លើកទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរៀបចំពិធីបំពាក់ឋានន្តរសក្តិ វរសេនីយ៍ត្រី ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២រូប។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឲ្យកម្លាំងក្រោមឱវាទទាំងអស់ បន្តយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងអនុវត្តវិធានការណ៍បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ផ្អែកលើវិធានការណ៍ជំនាញនិងច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីជាការឆ្លើយតបទៅនឹង គោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះអនុវត្តអនុក្រឹត្យ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំដើម្បីធានា សន្តិសុខសុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំ លោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវប្តេជ្ញាបន្តដឹកនាំបង្ការ និងស្រាវជ្រាវ បង្រ្កាបក្រុមក្មេងទំនើងឲ្យបានជាដាច់ខាត ដោយមិនដកដៃឡើយ បញ្ហាក្មេងទំនើងគេមើលឃើញថាបានបង្កប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាខ្លាំង។

សូមបញ្ជាថា កិច្ចប្រជុំខាងលើ មានអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង អនុប្រធានផែន លោក-លោកស្រីនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕