FTC ប្រឡងបញ្ចប់វគ្គសិក្សា «របៀបសរសេរអត្ថបទស៊ីជម្រៅ»
14-02-2026 15:14
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សិក្ខាកាមវគ្គសិក្សា «របៀបសរសេរអត្ថបទស៊ីជម្រៅ» របស់ Fresh News Training Center (FTC) បានចូលរួមប្រឡងបញ្ចប់វគ្គសិក្សា បន្ទាប់ពីបានរៀនអស់រយៈពេល ៣ ខែ។
ការប្រឡងនេះ មានគោលបំណងវាស់ស្ទង់សមត្ថភាពសិក្ខាកាម ទាក់ទងនឹងទ្រឹស្តី និងការអនុវត្តក្នុងការសរសេរព័ត៌មានស៊ីជម្រៅ។ ក្នុងការប្រឡង ដែលមាន ៧ សំណួរផ្នែកទ្រឹស្តី លោក ម៉ារ យ៉ារិទ្ធ ជាគ្រូបង្គោល និងជាប្រធាន FTC ក៏បានដាក់លំហាត់អនុវត្តបន្ថែម ដើម្បីវាស់ស្ទង់សមត្ថភាពសរសេរអត្ថបទស៊ីជម្រៅរបស់សិក្ខាកាមផងដែរ។
សិក្ខាកាមបានចូលរួមប្រឡងដោយយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពី FTC។
បើទោះបីជា FTC ជាវគ្គសិក្សាបង់ថ្លៃក៏ដោយ គោលបំណងសំខាន់របស់មជ្ឈមណ្ឌល គឺផ្តល់មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងក្រមសីលធម៌អ្នកសារព័ត៌មាន ដល់សិក្ខាកាម ដើម្បីអាចប្រកបវិជ្ជាជីវៈសារព័ត៌មានប្រកបដោយគុណភាព និងតម្លៃ។
FTC គឺជាផ្នែកមួយនៃ Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្តួចផ្តើមរបស់ លឹម ជាវុត្ថា ស្ថាបនិក និងអគ្គនាយក Fresh News ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យសារព័ត៌មាន។
Fresh News Training Center មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលជាអ្នកសារព័ត៌មានចាស់វស្សា មានបទពិសោធន៍ជិត ៤០ ឆ្នាំ។ លោកធ្លាប់បម្រើការជាភ្នាក់ងារសារព័ត៌មានអន្តរជាតិ ដូចជា United Press International (UPI), Associated Press (AP) និង Voice of America (VOA)។ លោកក៏បានបញ្ចប់ការសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មាន ពី University of Michigan និង University of Maryland សហរដ្ឋអាមេរិកផងដែរ៕


















