ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹកជាង ១០០០នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង ៧ម៉ឺននាក់ (Video inside)

14-02-2026 15:52

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹក ១.១០២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានជាង ៥សែន ៧ម៉ឺននាក់ ឬជាង ៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ។

ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ៧៧,២៧៤នាក់ទៀត ក្នុងនោះស្ត្រី ៤០,៦៨៩នាក់ និងកុមារ ២៦,២០៥នាក់)។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភ។

ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖