លោកបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ​ និងការងារគណបក្សប្រជាជនកម្ពុជា ប្រចាំឆ្នាំ២០២៥​ និងដាក់ទិសដៅបន្ត

14-02-2026 16:26

(ប៉ោយប៉ែត)៖​ លោកបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត​ រសៀលថ្ងៃសៅរ៍ទី១៤​ ខែកុម្ភៈ ឆ្នាំ២០២៦​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ​ និងការងារគណបក្សប្រជាជនកម្ពុជា ប្រចាំឆ្នាំ២០២៥​ និងដាក់ទិសដៅបន្តឆ្នាំ២០២៦។

​បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់លោក​ គាត​ ហ៊ុល​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុងប៉ោយប៉ែត​អំពីវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ​ សេដ្ឋកិច្ច​ សង្គម​ និង ស្ថិរភាពនយោបាយគួរឱ្យកត់សម្គាល់នៅក្នុងក្រុងប៉ោយប៉ែតរួចមក លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងប៉ោយប៉ែត​ បានថ្លែងការកោតសរសើរខ្ពស់ចំពោះមន្ត្រី​ និងសមាជិក​ សមាជិកា​ គណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ដែលបានចូលរួមអនុវត្តការងារ បានយ៉ាងល្អប្រសើរ ស្របតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា​ ដែលមានសម្តេចតេជោ​ ហ៊ុន​ សែន​ ជាប្រធាន​ និងចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់បន្ថែមថា​ យើងទាំងអស់គ្នាជាមន្ត្រី​ និងសមាជិក​ សមាជិកា​ គណបក្សប្រជាជនកម្ពុជាត្រូវបន្តសកម្មភាពល្អៗទាំងឡាយនៅក្នុងមូលដ្ឋាន​ ដើម្បីបន្តរួមគ្នាបង្ហាញឆន្ទៈសាមគ្គីភាព​ ឯកភាពគ្នា​ លើកកម្ពស់សុខសន្តិភាព​ និងការអភិវឌ្ឍសង្គមជាតិកម្ពុជាយើង ឱ្យកាន់តែខ្លាំងក្លាល្អប្រសើរឡើងថែមទៀត។ ជាក់ស្តែង យើងឃើញជាក់ច្បាស់នូវរាល់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានយើងដែលកំពុងអភិវឌ្ឍ គឺជាស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាល​ ដែលកើតចេញពីការបោះឆ្នោត របស់ប្រជាពលរដ្ឋកម្ពុជា​ ជឿជាក់និងបោះឆ្នោតជូនគណក្សប្រជាជនកម្ពុជាយើង។ ដូច្នេះយើងត្រូវរួមគ្នាបន្តសកម្មភាពល្អៗ គ្រប់បែបយ៉ាងក្នុងន័យចូលរួមបម្រើប្រយោជន៍សង្គមជាតិ​ និងប្រជាពលរដ្ឋកម្ពុជាយើង។

ក្នុងនោះផងដែរឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ក៏បានឧបត្ថម្ភអង្ករ១០តោន​ ទឹកពិសាបរិសុទ្ធ​ ១ពាន់កេស​ មី​ ១ពាន់កេស​ ត្រីខ​ ១ពាន់កេស​ ដល់គណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែត​ និងឧបត្ថម្ភបន្ថែមដល់គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥​ ទូទាំងក្រុងប៉ោយប៉ែត​ ដោយគណៈកម្មាធិការគណបក្សសង្កាត់នីមួយៗទទួលបាន​ អង្ករ២​តោន​ ទឹកពិសាបរិសុទ្ធ២រយយួរ​ មី២រយកេស​ ត្រីខ២រយកេស​ និងបានឧប្ថម្ភថវិកាជូនដល់សមាជិក​ សមាជិកា​ ទាំងអស់ដែលបានចូលរួមក្នុងម្នាក់៥ម៉ឺនរៀល៕