អភិបាលខេត្តស្ទឹងត្រែង បង្កើតកម្មវិធីមូលនិធិសប្បុរសធម៌ «ដើម្បីស្នាមញញឹម» ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់!
14-02-2026 16:31
(ស្ទឹងត្រែង)៖ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារ ស.គ.ស យុវជនក្រុម៦ បានបង្កើតកម្មវិធីមូលនិធិសប្បុរសធម៌ «ដើម្បីស្នាមញញឹម» ដោយនាំយក សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ និងចំណីអាហារ ផ្តល់ដល់កុមារតូច និងអាណាព្យាបាល ចំនួនប្រមាណ ៥០០នាក់ ស្ថិតនៅសាលាបឋមសិក្សា ចំការលើ ក្នុងភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួល និងជាអធីបតីភាពលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រួមជាមួយប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំ ជាមន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងសមត្ថកិច្ច។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងឧបត្ថម្ភសម្ភារៈសិក្សាដល់ប្អូនៗ កុមារា កុមារី សិស្សានុសិស្ស នៅតំបន់ខ្សត់ខ្សោយ ឆ្ងាយពីទីប្រជុំជន ព្រមទាំងផ្តល់ក្តីស្រលាញ់ និងស្នាមញញឹមដល់ប្អូនៗ លើកទឹកចិត្តប្អូនៗ ឱ្យចេះស្រលាញ់ និងស្គាល់តម្លៃនៃការសិក្សាផងដែរ៕














































