ទូតកម្ពុជាប្រចាំកូរ៉េ ជួបពិភាក្សាការងារជាមួយទូតបង់ក្លាដេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការពារផលប្រយោជន៍សហគមន៍នៅកូរ៉េ
14-02-2026 19:35
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Toufiq Islam SHATIL ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធប្រជាមានិតបង់ក្លាដេស ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការ រវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបន្តការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។
ជាពិសេស ការជួយគ្នាក្នុងការការពារ ផលប្រយោជន៍សហគមន៍នៃប្រទេសទាំងពីរនៅប្រទេសកូរ៉េ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលេីបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួមផងដែរ៕






