មានសកម្មភាពឆក់ក្តៅ និងត្រជាក់ ក្នុងតំបន់អភិរក្សត្រីមេពូជ ភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

14-02-2026 19:58

(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់ មានក្រុមពួកប្រព្រឹត្តបទល្មេីសនេសាទឆក់ត្រជាក់ និងឆក់ក្តៅ ជាច្រេីនទូកប្រហែល ១០ទូក បាននិងកំពុងធ្វេីសកម្មភាពទាំងយប់ទាំងថ្ងៃ នៅភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះបើតាមរបាយការណ៍ក្រុមសកម្មជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ផ្នែកសារព័ត៌មាន នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

របាយការណ៍បញ្ជាក់ថា ពួកគេ បានចាប់ធ្វេីសកម្មភាពវេលា ម៉ោង ៣រសៀល រហូតដល់ម៉ោង ៨យប់ និងចុះធ្វេីសកម្មភាព នៅវេលាម៉ោង ២ជិតភ្លឺ រហូតដល់ម៉ោង ៧ព្រឹកនៅក្នុងតំបន់អភិរក្សត្រីមេពូជ នៅចំណុច បឹងផ្សោត ចំណុចស្ទឹងឈ្វា ចំណុចស្ទឹងសណ្តាន់ និង ចំណុចមុខផ្ទះបណ្តែតសហគមន៍ការពារ ដែលស្ថិតក្នុង ភូមិ ជេីងគ្រុស ឃុំស្វាយរំពារ ស្រុកកំពង់លែង។

សូមបញ្ជាក់ផងដែរថា នៅចំណុចទាំងអស់ខាងលេីនេះក៏មានដាក់ លបក្អែប ឬ លប ប្រេីស ១០០ រាប់រយផងដែរ។ បេីមានថ្នាក់ខេត្តចុះបង្ក្រាប មានអ្នកតេទូរសព្ទប្រាប់ក្រុមពួកប្រព្រឹត្តបទល្មេីសទាំងនោះឲ្យផ្អាកសកម្មភាពសិន៕