ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ និងត្រៀមបំពេញបេសកកម្មការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
14-02-2026 20:29
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ និងពង្រឹងការងារជំនាញ និងត្រៀមបំពេញបេសកកម្មការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។
ពិធីនេះមានការចូលរួមពីមេបញ្ជាការរង និងជានាយសេនាធិការ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់មេបញ្ជាការរង ទទួលជំនាញ មេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និងប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និងកម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលនឹងចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមនាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូន។
ជាពិសេសចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាប ក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) ព្រមទាំងបទល្មើសៗផ្សេងៗ ស្របតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការណែនាំរបស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕




















