អាជ្ញាធរអេដស៍ និងអង្គការ AHF កម្ពុជា រៀបចំទិវាស្រោមអនាម័យអន្តរជាតិ ដើម្បីក្រើនរម្លឹកយុវជនថា ស្រោមអនាម័យនៅតែជាជម្រើសល្អដើម្បីការពារជំងឺអេដស៍
14-02-2026 21:28
(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ( AHF) កម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសហការគ្នារៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «កុំស្ទាក់ស្ទើប្រើស្រោមអនាម័យ» និងដើម្បីជាការក្រើនរម្លឹកដល់យុវជន និងប្រជាពលរដ្ឋដែលថា ជំងឺអេដស៍នៅតែមានហានិភ័យដ៏ធំមួយនៅកម្ពុជា ខណៈមកដល់សព្វថ្ងៃនេះមានមនុស្សបានឆ្លងមេរោគអេដស៍នេះកើនឡើងជាបន្តបន្ទាប់ ហើយមានតែការប្រើប្រាស់ស្រោមអនាម័យទេ ជាមធ្យោបាយដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការការពារពីមេរោគអេដស៍ និងជំងឺផ្សេងៗ។
ពិធីនេះបានធ្វើឡើងនៅផ្សាទំនើប ខេ ម៉ល វេងស្រេង រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួង ក្រសួងអប់រំយុវជន និងកីឡា និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឺងជំងឺអេដស៍សើស្បែក និងកាមរោគ រួមទាំងមានយុវជនជាច្រើននាក់ទៀតផងដែរ អមជាមួយសកម្មភាពសប្បាយៗ និងការចែកស្រោមអនាម័យដោយមិនគិតប្រាក់ផងដែរ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបញ្ជាក់ឱ្យដឹងថា ការរៀបចំអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ ជាមួយយុទ្ធនាការផ្សព្វផ្សាយកម្មវិធីយុទ្ធនាការផ្សព្វផ្សាយទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៦នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសារប្រយោជន៍នៃស្រោមអនាម័យ និងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព ដែលបានរៀបចំទូទាំងពិភពលោកដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេស៍ ទូទាំង ៤៧ប្រទេស។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបញ្ជាក់ទៀតថា ការកើនឡើងនៃអត្រាឆ្លងជំងឺកាមរោគនៅទូទាំងពិភពលោក ជាពិសេសជំងឺស្វាយ មិនមែនជារឿងអាថ៌កំបាំងទេ វាជាអ្វីដែលកើតឡើងនៅពេលដែលមូលនិធិសកលថយចុះ ហើយស្រោមអនាម័យមិនត្រូវបានផ្តល់អាទិភាពសម្រាប់ការបង្ការមេរោគអេដស៍។ បើគ្មានការកែតម្រូវជាបន្ទាន់ទេ ការឆ្លងមេរោគអេដស៍នឹងកើនឡើងក្នុងពេលឆាប់ៗនេះ ដូចនេះយើងទាំងអស់គ្នាត្រូវមានការប្តេជ្ញាចិត្តឡើងវិញដើម្បីធានាថា ស្រោមអនាម័យគឺឥតគិតថ្លៃ ឬមានតម្លៃសមរម្យ និងអាចរកបានយ៉ាងទូលំទូលាយសម្រាប់អ្នកដែលត្រូវការវាបំផុត។
លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ដែរថា ការរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានែក្តីស្រឡាញ់ របស់អង្គការ AHF កម្ពុជា ក្រោមប្រធានបទ «កុំស្ទាក់ស្ទើប្រើស្រោមអនាម័យ» ជាការឆ្លើយតបទៅនឹងគោលនយោបាយររបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតប និងទប់ស្កាត់នូវមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ខណៈមកដល់ពេលនេះប្រទេសកម្ពុជាយើង នូវតែចាត់ទុកមេរោគអេដស៍ និងជំងឺអេដស៍ នៅតែមានហានិភ័យ និងត្រូររួមគ្នាទប់ស្កាត់កុំឱ្យមានការរីករាលដាលបន្ថែមទៀត។
លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានបន្ថែមថា ថ្មីៗនេះរាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញផែនការដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងជំរុញនូវការអនុវត្តន៍ស្រោមអនាម័យឱ្យបាន ១០០% ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបាននូវការឆ្លងថ្មីនៃមេរោគអេដស៍ដ៏កាចសាហាវមួយនេះ និងទប់ស្កាត់ធ្វើយ៉ាងឱ្យកុំឱ្យមានការឆ្លងមេរោគនេះថ្មីបន្ថែមទៀត និងធ្វើយ៉ាងណាឱ្យការឆ្លងថ្មីនេះ មានតិចជាងម្នាក់ក្នុងមួយថ្ងៃ ឫក្នុងរង្វង់ ២០០នាក់ ក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នមានអ្នកឆ្លងមេរោគអេដស៍ជាង ១០០០នាក់ ក្នុងមួយឆ្នាំ ដែលជាចំនួនមួយខ្ពស់គួរឱ្យព្រួបារម្ភផងដែរ។
សូមបញ្ជាក់ដែរថា ទិវាស្រោមអនាម័យអន្តរជាតិ (ថ្ងៃទី១៣ ខែកុម្ភៈ) ត្រូវបានបង្កើតឡើងដោយមូលនិធិថែទាំសុខភាពអេដស៍ ក្នុងឆ្នាំ២០០៩ ដើម្បីអបអរសាទរស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតរបស់ពិភពលោក សម្រាប់ការការពារមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដែលមិនបានគ្រោងទុក។ ទិវាស្រោមអនាម័យអន្តរជាតិ រម្លឹកយើងថា ស្រោមអនាម័យមានសុវត្ថិភាពជាង ទាក់ទាញ និងការបង្កាសម្រាប់ទូទាំងពិភពលោក៖ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ»៕
























