ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែមករា និងលើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៦
15-02-2026 11:26
(កំពង់ស្ពឺ)៖ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អនុប្រធានក្រុមការងារគណបក្សចុះលដ្ឋានស្រុកថ្ពង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែមករា និងលើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋាន ប្រធានគណបក្សឃុំអមលាំង ប្រធានក្រុមការងារចុះជួយភូមិទាំង១៧ ក្នុងឃុំអមលាំង លោក-លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជន ក្នុងឃុំអមលាំង ស្ថិតនៅស្នាក់ការបក្សឃុំអមលាំង។
សម្រាប់កិច្ចប្រជុំនេះដែរ លោក ម៉េង ស្រ៊ុន បានប្រគល់ជូននូវសម្ភារៈមួយចំនួនជូនដល់ស្នាក់ការបក្សឃុំអមលាំងទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងជួយដល់ប្រជាពលរដ្ឋខ្វះខាតមានដូចជា៖ អង្កតចំនួន ២០បេ , មីកំប៉ុងចំនួន ២០កេស, ទឹកសុទ្ធចំនួន៣០កេស និងមានត្រីខ, ទឹកត្រី, ទឹកស៊ីអ៉ីវមួយចំនួនទៀត។
លោក ម៉េង ស្រ៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីណាក់លោក ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ដល់សមាជិក សមាជិកាទាំងអស់ក្នុងឃុំអមលាំង ព្រមទាំងបានឱ្យក្រុមការងារ រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគណបក្សប្រចាំខែនាពេលនេះផងដែរ។
លោក ម៉េង ស្រ៊ុន បានបន្តថា សម្រាប់ការរៀបចំរាល់កិច្ចប្រជុំការងាររបស់គណបក្ស នៅក្នុងឃុំអមលាំងរបស់យើងនាពេលនេះ និងពេលកន្លងមកគឺបានការយកចិត្តទុក្ខដាក់ពីបងប្អូនក្រុមការងារហើយកន្លងមកតែងតែទទួលបាននូវព័ត៏មានដែលពាក់ពន្ធ័បញ្ហាផ្សេងៗ ពីទុក្ខលំបាក ភាពខ្វះខាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈក្រុមការងារបានចុះទៅជួបដោយផ្ទាល់ៗ ដ៏ដូចជាទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ ជារួមគោលការណ៍កន្លងមកគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានអមលាំង បានអនុវត្ត បានជាបន្តបន្ទាប់ និងជួយដោះស្រាយបញ្ហាការលំបាករបស់ប្រជាពលរដ្ឋបានច្រើនដែរហើយ តែយើងត្រូវបន្តការងារនេះថែមទៀត។
តាមការបញ្ជាក់បន្ថែមរបស់លោក ម៉េង ស៊្រុន បានបញ្ជាក់ផងដែរថា៖ «យើងត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះ ស្មើភាព យុត្តិធម៌ ជាប្រចាំ និងជារៀងរហូត។ហើយជាពិសេសក៏សូមអំពាវនាវឱ្យសមាជិក សមាជិកា និងអង្គពិធីទាំងមូល ជឿជាក់លើគណបក្សប្រជាជនកម្ពុជារបស់យើង ក្រោមការដឹកនាំប្រកបគតិបណ្ឌិតឈ្លាសវ៉ៃប៉ិនប្រសព របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកខិតខំដឹកនាំកាច់ចង្កូតនាវាកម្ពុជា ឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ និងមានសន្តិភាព នៅតាមព្រំដែនឡើងវិញ នាពេលឆាប់ៗ ខាងមុខ»។
លោកក៏សូមអរគុណដល់លោក ទួន ផាវ ប្រធានគណបក្សឃុំអមលាំង ដែលបានអាននូវរបាយការណ៍សរុបប្រចាំខែតុលា ពីសកម្មភាពលទ្ធផល ការងាររបស់គណបក្សយើងសម្រេចបាន និងសូមបន្តជួយលើការងារ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ បន្តទៀត ដូចដែលបានលើកឡើងខាងលើ អំបិញមេញនេះ។ ទាំងនេះជាសកម្មភាព និងការចូលរួមដ៏មានអត្ថន័យ និងសារៈប្រយោជន៍ គុណធម៌ សីលធម៌ ចែករំលែក ដល់ប្រជាជនរបស់យើង សង្គមជាតិរបស់យើង ដូចជាពាក្យមួយឃ្លាតែងលឺគេនិយាយថា (ជួយគ្នា ក្នុងគ្រាលំបាក)។
លោក ម៉េង ស្រ៊ុន បានជូនពរដល់ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋាន ប្រធានក្រុមការងារ តាមមូលដ្ឋានក្នុងឃុំអមលាំង ក្នុងស្រុកថ្ពង សមាជិក សមាជិកាទាំងអស់ សូមបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងការងារយើងបន្តទៅទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងមូលដា្ឋនឱ្យបានច្រើន រួមគ្នាដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ហើយក៏សូមឱ្យសមាជិកដែលមានវត្តមានក្នុងអង្គពិធីទាំងមូល ដែលបានចូលរួមក្នុងពិធីប្រជុំត្រួត ពិត្រួតនិត្យការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់គណបក្សប្រជាជនកម្ពុជា សូមឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន ដែលគណបក្សប្រគល់ជូន និងសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕














