អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការបង្កបង្កើនផលដំណាំបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញដោយធានាតម្លៃទីផ្សារ និងគុណភាពប្រកបដោយទំនុកចិត្ត
15-02-2026 11:38
(ប៉ៃលិន)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលដោយផ្ទាល់ការងារបង្កបង្កើនផលដំណាំបន្លែ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាពតាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ះពាល់ដល់សុខភាព។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា៖ «បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺ ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករ ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ»។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានបន្តថា នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យប្រជាកសិករបង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់ឱ្យបានទាន់ពេល វេលា និងតាមតម្រូវការទីផ្សារក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិតដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយជាក់ស្តែងបច្ចុប្បន្ននេះ ខេត្តប៉ៃលិន មានក្រុមហ៊ុនជាច្រើនកំពុងទទួលទិញបន្លែផ្លែឈើ និងកសិផលផ្សេងៗទៀតដើម្បីធ្វើការវេចខ្ចប់ និងសម្ងួតសម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេស ដូចជាប្រទេសចិន, ប្រទេសវៀតណាម សហគមន៍អឺរ៉ុប និងសហរដ្ឋអាម៉េរិកជាដើម។
នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែលោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជម្រុញឱ្យពួកគាត់ បង្កើនការដាំដុះបន្លែ សរីរាង្គឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារលោកស្រីនឹងជួយរកទីផ្សារជូនបងប្អូន៕


















