ផ្ទះមុខងារសម្រាប់ការស្នាក់នៅរបស់មន្ត្រីរាជការ ត្រូវបានរំលេចឡើងជាលើកដំបូង នៅខេត្តស្ទឹងត្រែង!
15-02-2026 17:49
(ស្ទឹងត្រែង)៖ ផ្ទះមុខងារជាច្រើនខ្នង បើគេក្រឡេកមើលទៅ ហាក់ដូចជារីសតមួយដ៏ប្រណិតគួរជាទីទាក់ទាញអារម្មណ៍ ត្រូវបានសង់រំលេចឡើងជាលើកដំបូងបង្អស់ នាអាណត្តិទី៧នេះ ក្នុងចំណោមអាណត្តិដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែងមុនៗ ដែលត្រូវបានសាងសង់ឡើងសម្រាប់មន្ត្រីរាជការស៊ីវិលស្នាក់នៅ ខណៈសហការី ឬ មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត ត្រូវបានផ្លាស់ប្តូរមុខងារ តួនាទីពីឆ្ងាយ មកបំពេញការងារនៅខេត្តស្ទឹងត្រែង ដោយពុំទាន់មានផ្ទះ ឬផ្ទះនៅឆ្ងាយ គឺអាចមកស្នាក់នៅផ្ទះនេះបាន។
ក្នុងថ្ងៃនៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ ២០២៦ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានចែករំលែកឱ្យឃើញ ពីសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះមនុស្សជាតិ និងប្រជាពលរដ្ឋទូទៅ ពិសេសពលរដ្ឋ និងមន្ត្រីរាជការក្រោមឱវាទក្នុងខេត្ត ពីការបង្ហាញឆន្ទៈយ៉ាងមុះមុត ក្នុងការចូលរួមគិតគូរសុខទុក្ខរបស់មន្ត្រី និងមិនត្រឹមតែជាការផ្តល់បរិយាកាសដល់ការផ្តល់សេវា ជូនប្រជាជនកាន់តែប្រសើរប៉ុណ្ណោះទេ ថែមទាំងជាអំពើបុណ្យ និងកាយវិការគួរជាទីគោរព ស្រឡាញ់ពីប្រជាជន ថែមទៀតផង។
ផ្ទះស្នាក់នៅរបស់មន្ត្រីរាជការជាច្រើនខ្នងនោះ ត្រូវគេឃើញបានសាងសង់ឡើងនៅក្នុងបរិវេណរបស់សាលាខេត្តស្ទឹងត្រែងចាស់ នៅទល់មុខទន្លេសេកុងស្ទឹងត្រែង ស្ថិតក្នុងត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ស្របពេលជាមួយនឹងការគិតគូរខ្ពស់នេះ មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានសម្តែងការកោតសរសើរចំពោះ លោក សរ សុពុត្រា ដែលបានបំផុសគំនិតផ្តួចផ្តើម សាងសង់ «ផ្ទះមុខងារខេត្តស្ទឹងត្រែង» សម្រាប់សហការី និងមន្ត្រីរាជការ ដែលមិនទាន់មានផ្ទះនៅខេត្តស្ទឹងត្រែង ឬ មានផ្ទះនៅឆ្ងាយ អាចស្នាក់អាស្រ័យបាន។ មន្ទីរមុខងារខេត្តបានចាត់ទុកថា នេះជាគំនិតផ្តួចផ្តើមមួយដ៏ល្អ និងភាពជាគំរូរបស់ថ្នាក់ដឹកនាំ ក្នុងការគិតគូរពីសុខទុក្ខរបស់សហការី និងមន្ត្រីក្រោមឱវាទ។
អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ផ្ទះមុខងារខេត្តស្ទឹងត្រែងនេះ «ត្បិតថាមិនអស្ចារ្យ តែគោលបំណងចំបងរបស់លោកអភិបាលខេត្ត គឺចង់សម្រាលការលំបាករបស់បងៗថ្នាក់ដឹកនាំខេត្ត ដែលមិនមានផ្ទះនៅស្ទឹងត្រែង ឱ្យមានទីតាំងស្នាក់នៅបានសមរម្យ កាត់បន្ថយការចំណាយ មានសុវត្ថិភាព និងផាសុខភាព»។
មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង មានការអបអរ គាំទ្រ និងកោតសរសើរចំពោះទឹកចិត្តដ៏វិសេសវិសាល ក្នុងការគិតគូរពីសុខទុក្ខមន្ត្រីក្រោមឱវាទ បើទោះជា «ផ្ទះតូច តែបេះដូងធំ ថ្នាក់ដឹកនាំល្អ ជាសំណាងរបស់មន្ត្រី មន្ត្រីល្អ ជាសំណាងរបស់ប្រជាជន»។ ក្នុងពេលជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក៏បានបង្ហាញការពេញចិត្ត ដោយបានលើកឡើងថា «សូមលោកអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង មេត្តាដឹកនាំខេត្តជាបន្តទៀត ដើម្បីជាម្លប់ដ៏ត្រជាក់សំរាប់ប្រជាពលរដ្ឋ ហើយលោកអភិបាលខេត្ត គឺជាលោកឪពុកទីពីរ ដែលមានព្រហ្មវិហារធម៌ដ៏ល្អ សម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។
លោក សរ សុពុត្រា បានជំរុញឱ្យមានការចូលរួមលើកកម្ពស់ «ឧត្តមភាពមន្ត្រីរាជការ» ហើយបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត៕


















