រដ្ឋមន្ត្រី ហួត ហាក់ វាយតម្លៃខ្ពស់លើតួនាទីវិទ្យាស្ថាន PIE ក្នុងការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច
15-02-2026 21:01
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញទស្សនកិច្ចសមាគមវិទ្យាស្ថាន ដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) មានលោកឧកញ្ញ៉ា លូ ម៉េង ជាប្រធានសមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស ដែលវិទ្យាស្ថាននេះ ជាគ្រឹះស្ថានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ទេសចរណ៍ ដែលផ្តោតលើការលើកកម្ពស់គុណភាពបណ្តុះបណ្តាល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។
ក្នុងឱកាសទស្សនកិច្ចនេះ រដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន បានស្តាប់នូវការធ្វើបទបង្ហាញអំពី បេសកកម្ម ទិសដៅ និងសកម្មភាពសំខាន់ៗរបស់ PIE ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេស ជំនាញពាក់ព័ន្ធនឹងសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗ។
បន្ទាប់ពីដំណើរទស្សនកិច្ចរួចមក លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការបង្កើតឱ្យមាននូវកិច្ចសហការរវាងស្ថាប័នអប់រំ និងវិស័យឯកជន ដើម្បីធានាបាននូវការបណ្តុះបណ្តាលដែលមានគុណភាព និងអាចអនុវត្តបានជាក់ស្តែងនៅទីផ្សារការងារ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យរីកចម្រើនប្រកបដោយចីរភាព គឺមិនអាចខ្វះបាននូវធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពខ្ពស់ ពោលគឺកិច្ចសហការជាមួយស្ថាប័នអប់រំបច្ចេកទេសដូចជា PIE នឹងជួយពង្រឹងគុណភាពសេវាកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ៕








