នគរបាលសហព័ន្ធអូស្ដ្រាលី និងនគរបាលជាតិកម្ពុជា ផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាតាមរយៈវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា នៅខេត្តសៀមរាប

16-02-2026 14:40

(សៀមរាប)៖ ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកស្រី រ៉េឈល ប៊ល (Rachel Ball) នាយនគរបាលជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្រ្តាលីប្រចាំរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្រ្តស្រាវជ្រាវបទល្មើសបច្ចេកវិទ្យា។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រុមការងារនគរបាលសហព័ន្ធអូស្ត្រាលី (AFP)នាពេលកន្លងមក និងបច្ចុប្បន្នដែលបានជួយជ្រុមជ្រែងបង្កើនសមត្ថភាពមន្ត្រី កងកម្លាំងនគរបាលជាតិកម្ពុជា។

លោកបានអះអាងថា រយៈកាលកន្លងមក រហូតដល់បច្ចុប្បន្ន ក្រោមការចង្អុលបង្ហាញអំពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ក្រោមការបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការណែនាំរបស់អភិបាលខេត្ត នៅមូលដ្ឋានខេត្តសៀមរាប គឺមិនមានបទល្មើសធំៗនោះទេ ជាពិសេសបទល្មើសចច្ចេកវិទ្យា (Online Scam) នោះទេ គ្រាន់តែជាករណីឆ្លងកាត់ ដែលក្រុមជនសង្ស័យរត់គេចមកពីបណ្តាខេត្ត-ក្រុងផ្សេងៗ។

បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី, ជាការពិតណាស់ ក្នុងយុគសម័យនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងរីកចម្រើន និងក្នុងបរិបទនៃសាកលភាវូបនីយកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ លើការងារប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា តាមរយៈដាក់ចេញនូវជាយន្តការជាច្រើនដើម្បីឈានទៅដល់ការលុបបំបាត់ សកម្មភាពទាំងអស់នេះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានផ្ដាំផ្ញើដល់គ្រូឧទ្ទេសត្រូវខិតខំស្វែងរកវិធីសាស្ត្របង្រៀនឲ្យសិក្ខាកាមងាយយល់ងាយចេះ និងសូមបញ្ចេញនូវពុទ្ធិរបស់ខ្លួនឲ្យអស់ពីសមត្ថភាព។ ដោយឡែក សិក្ខាកាមត្រូវយកចិត្តទុកដាក់លើប្រធានបទពិភាក្សា, ស្វែងយល់អំពីការវិវត្តនៃបទល្មើស, កំណត់ឲ្យបាននូវយន្តការថ្មីៗ និងយុទ្ធសាស្ត្រឲ្យទាន់សម័យកាល និងត្រូវយកចិត្តទុកដាក់គោរពម៉ោងពេលសិក្សាឲ្យបានត្រឹមត្រូវ ច្បាស់លាស់៕