ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

16-02-2026 14:40

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម ឆ្នាំ២០២៦ ដល់កងកម្លាំងនគរបាលរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីនោះឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងអំពីស្នាដៃគុណបំណាច់ របស់កងកម្លាំងចំពោះជាតិមាតុភូមិ ក្នុងបេសកកម្មការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធានាបានសុខសុវត្ថិភាពល្អ នាពេលកន្លងមក។

លោកក្រើនរំលឹកថ្នាក់ដឹកនាំផែនការងារជំនាញ និងលោកអធិការនគរបាលត្រូវបន្តពង្រឹង៖

១-វិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ,
២-ពង្រឹងរបៀបរបបការងារជំនាញ,
៣-ផែនព្រហ្មទណ្ឌ ប្រើប្រាស់ វិធានការច្បាប់ វិធានការជំនាញ វិធានការរដ្ឋបាល ការចងក្រង គ្រប់គ្រងមុខសញ្ញា និងមុខរបពិសេស,
៤-ការងារអគ្គិភ័យ និងសង្គ្រោះ ត្រៀមលក្ខណៈសម្រាប់ កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ,
៥-ការងារចរាចរណ៍ផ្លូវគោក និងការងារសណ្តាប់ធ្នាប់សាធារណៈ ត្រូវបញ្ចុះកម្លាំងរៀបចំសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ តាមទីប្រជុំជនរមនីយដ្ឋាន ទីកម្សាន្តសប្បាយភាពនានា,
៦-គ្រប់ពេល
វេលាការអនុវត្ត-តួនាទី ភារកិច្ចជំនាញ ជាប្រចាំ ត្រូវគ្រងឯកសណ្ឋាន បានសមរម្យសាកសមជាមន្ត្រីនគរបាលជាតិ,
៧-បន្តការប្រមូលផ្ដុំកងកម្លាំងវេនប្រចាំការ បង្កើនការចុះល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមគោលដៅសំខាន់ៗ ។

ឆ្លៀតក្នុងឱកាសនោះដែរ ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហេង សុផល ណែនាំដល់កងកម្លាំង ត្រូវបង្កើនការផ្សព្វផ្សាយ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋ ជាពិសេសលើបញ្ហា អគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ហាមដាច់ខាតការដុតគ្រឿងបំពងសម្លេង ផាវ កាំជ្រួច ដែល
បង្ករឲ្យមានជាសម្លេងផ្ទុះផ្សេងៗ៕