សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ លោកបណ្ឌិត ធន់ វឌ្ឍនា ក្នុងឱកាសខួបចម្រើនជន្មាយុ
17-02-2026 10:26
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គល នៃខួបចម្រើនជន្មាយុ។
ក្នុងសារលិខិតជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «នៅក្នុងឱកាសសិរីមង្គល នៃខួបចម្រើនជន្មាយុរបស់ ឯកឧត្តមបណ្ឌិត ដែលនឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាកក់ក្តៅ និងសព្ទសាធុ ការពរបវរ មហាប្រសើរជូនចំពោះ ឯកឧត្តមបណ្ឌិត។
មគ្គុទ្ទេសភាពប្រកបដោយគុណវុឌ្ឍ បទពិសោធ និងការលះបង់ខ្ពស់របស់ ឯកឧត្តម ក្នុងការ បំពេញបេសកកម្មដ៏ស្វិតស្វាញ ដើម្បីឧត្តមភាពរបស់ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ កម្ពុជា ព្រមទាំងការចូលរួមចំណែករបស់ ឯកឧត្តម ក្នុងករណីយកិច្ចប្រកបដោយគណនេយ្យភាព ក្នុង ការជំរុញល្បឿន នៃការអភិវឌ្ឍប្រទេសកម្ពុជា ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ គឺពិតជាសំខាន់ណាស់។
នាឱកាសនេះ ខ្ញុំសូមជូនពរជ័យ សិរីសួស្តីមង្គលគ្រប់ប្រការជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមបណ្ឌិត ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕





