មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខវីរកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ដែលកំពុងសម្រាកពិនិត្យសុខភាពនៅគេហដ្ឋាន
17-02-2026 11:13
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ដែលបច្ចុប្បន្នកំពុងសម្រាកពិនិត្យសុខភាពនៅគេហដ្ឋាន ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្នុងពេលសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា, លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជូនចំពោះលោកអនុសេនីយ៍ត្រី រស់ សុផល ព្រមទាំងក្រុមគ្រួសារ និងបានឧបត្ថម្ភជាថវិការចំនួន ២០០ ០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន ៖អង្ករ ៣បាវ, មី ៣កេស, ទឹកសុទ្ធ ៣កេស, ទឹកផ្លែឈើ ៣កេស, ទឹកត្រី ៣យួរ, ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរបន្ថែមទៀត។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយនឹងក្រុមការងារចូលរួមទាំងអស់ក៏បានជូនពរលោកអនុសេនីយ៍ត្រី រស់ សុផល ឱ្យមានសុខភាពល្អឆាប់បានជាសះស្បើយ ជាពិសេសបានសម្តែងនូវការគោរពដឹងគុណចំពោះវីរកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល៕











