រដ្ឋបាលស្រុកបាកាន បំភ្លឺក្រោយមានការបង្ហោះ និងចែកចាយតាមបណ្តាញសង្គមរឿងគ្រូនៅវិទ្យាល័យព្រះម្លូរ ធាក់សិស្សម្នាក់ថ្នាក់ទី៧ រហូតបាក់ជើងគ្រាន់តែមិនមានស្បែកជើងប៉ាតាពាក់

17-02-2026 15:21

(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកបាកាន បានចេញសេចក្តីបំភ្លឺថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានការចុះផ្សាយផ្ទាល់លើគេហទំព័រឈ្មោះ កា ទ្រីត និងគណនីឈ្មោះ Lin You ដែលបានផ្សាយបន្តផ្ទាល់លើគេហទំព័ររបស់ខ្លួនថា «គ្រូទាត់ មួយទំហឹងពីក្រោយធ្វើឱ្យក្មួយខ្ញុំបាក់ជើងកជាខ្ទុះ ត្រូវចូលពេទ្យវះកាត់ សង្គ្រោះបន្ទាន់ មូលហេតុគ្រូទាត់ គឺអត់មានស្បែកជើងប៉ាតាពាក់ទៅរៀន (ម៉ាក់ នៅឆ្ងាយមិនទាន់មានពេលផ្ញើរលុយឱ្យទិញពាក់) ក៏ដាក់ពិនិយ។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលស្រុកបាកាន សូមបំភ្លឺជូនដូចតទៅ៖

ទី១៖ ករណីសិស្សឈ្មោះ លី សុវណ្ណរាជ រៀនថ្នាក់ទី៧ “C” នៃវិទ្យាល័យព្រះម្លូរ ស្នាក់នៅជាមួយលោកយាយឈ្មោះ ទូច លាប រស់នៅភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់

ទី២៖ ករណីនេះសិស្សឈ្មោះ លី សុវណ្ណរាជ បានលេងទាត់បាល់ជាមួយមិត្តភ័ក្ត ឈឺជើងឆ្វេងរួចមកហើយតាំងពីមុនថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃកើតហេតុ។ ដោយសិស្ស លី សុវណ្ណរាជ បានដាក់ជើងឈឺស្រាប់ដែលបណ្តាលមកពីគ្រិច និងមុតអំបែងកែវលើបង់ ពេលលោកគ្រូ សេន សុថៃ កំពុងអប់រំណែនាំ និងមិនបានដឹងពីអាការរបស់សិស្សទើបយកជើង ឆ្កឹះទម្លាក់ពីលើបង់ដែលបណ្តាលឱ្យមានការចោទប្រកាន់ថាបានទាត់បាក់ជើង

ទី៣៖ រហូតមកដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ គាត់មានអាការក្តៅខ្លួនខ្លាំង ទើបលោកគ្រូ កូវ ដារ៉ា និងអ្នកគ្រូ កែវ សុខឃីម បាននាំមកមន្ទីរពេទ្យបង្អែកបាកាន ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាមការបញ្ជាក់ពីម្តាយកូនរបស់គាត់មានជំងឺគ្រុនឈាម។ ម្តាយគាត់បានប្រាប់ថា ពេទ្យព្យាបាលជំងឺគ្រុនឈាមមុនសិន ទើបព្យាបាលជើងតាមក្រោយ

ទី៤៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកនាយក នាយករង និងលោកគ្រូ តាន់ ពិសិដ្ឋ បានទៅសួរសុខទុក្ខនិងតាមដានអាការរបស់សិស្សនៅមន្ទីរពេទ្យជាមួយម្តាយរបស់គាត់

ទី៥៖ កំឡុង៣ថ្ងៃ ក្រោយមកទើបអាណាព្យាបាលសិស្សបានមកស្នើសុំច្បាប់ ដើម្បីយកកូនទៅព្យាបាលនៅរាជធានីភ្នំពេញ។ តាំងពីពេលនោះមកក៏មិនមានដំណឹង និងមិនបានទាក់ទងគ្នាដែរ ទើបតែដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានការបង្ហោះតាមបណ្តាញសង្គមគណនីឈ្មោះ កា ទ្រីត និងមានការចែករំលែកជាបន្តបន្ទាប់ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ

ទី៦៖ ករណីដែលបានលើកឡើងថាគ្រូពិន័យ ដែលសិស្សនោះមិនមានឯកសណ្ឋាន (ទ្រនាប់ជើងប៉ាតា) គឺមិនពិតនោះទេ តែសាលានៅតែលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យសាលា

ទី៧៖ គណៈគ្រប់គ្រងសាលារង់ចាំទទួលការចូលខ្លួនមកបំភ្លឺ និងដោះស្រាយចំពោះអាណាព្យាបាលសិស្ស តែមកដល់ពេលនេះមិនមានសាច់ញាតិណាមកទំនាក់ទំនងដោះស្រាយ ព្រមទាំងអាជ្ញាធរស្រុក និងមន្ទីរអប់រំខេត្តបានព្យាយាមទំនាក់ទំនងម្ចាស់គណនីឈ្មោះ កា ទ្រីត ប៉ុន្តែទាក់ទងមិនបានហើយនៅតែបន្តចែករំលែកក្នុងបណ្តាញសង្គម។

រដ្ឋបាលស្រុកបាកាន សូមអំពាវនាវដល់សាធារណជន និងអ្នកនិយមលេងបណ្តាញសង្គមមេត្តាជ្រាប និងបញ្ឈប់ការចែករំលែកព័ត៌មាននេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស​ សេចក្តីថ្លៃថ្នូរ របស់គ្រូបង្រៀន និងពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ ប្រសិនបើចែករំលែកព័ត៌មានមិនពិតដូចនេះបន្តទៀតនឹងប្រឈមក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕