រដ្ឋលេខាធិការ ខូវ មករា បិទវគ្គបណ្ដុះបណ្ដាល ស្ដីពី «ជំហានជាក់ស្តែងសម្រាប់នីតិវិធី និងការដោះស្រាយឧប្បត្តិហេតុសាយប័រ»

17-02-2026 15:27

(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ជំហានជាក់ស្តែងសម្រាប់នីតិវិធី និងការដោះស្រាយឧប្បត្តិហេតុសាយប័រ» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញមកពី ៣៣ ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ និយ័តករ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងធនាគារ សរុបប្រមាណ ៥០រូប។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងផ្ដល់ទស្សនាទានដល់អ្នកជំនាញសន្តិសុខយសាយប័រអំពីសៀវភៅណែនាំជំហ៊ាននៃការឆ្លើយតបនឹងឧប្បត្តិហេតុ ការអនុវត្តនីតិវិធីបិទខ្ទប់ និងការកំណត់សម្គាល់ចំណុចខ្វះខាតនៃដំណើរការការពារសន្តិសុខសាយប័រដើម្បីកែលម្អ តាមរយៈលំហាត់អនុវត្តជាក់ស្តែង។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែក ដល់ការអនុវត្តគោលនយោបាយជាតិ ផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕