សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា នាំស្បៀង ថវិកា និងសម្ភារប្រគេនព្រះសង្ឃ២១វត្ត និងលោកគ្រូ អ្នកគ្រូ កូនសិស្សភៀសសឹក និងវីរកងទ័ពឈរជើងតាមបន្ទាត់ព្រំដែនជាង ១ ០០០នាក់ នៅខេត្តឧត្តរមានជ័យ
17-02-2026 17:04
(ឧត្តរមានជ័យ)៖ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី រួមជាមួយព្រះមន្ត្រីសង្ឃជាច្រើនអង្គទៀត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយកស្បៀង ថវិកា និងសម្ភារៈមួយចំនួនទៀតប្រគេនដល់ព្រះសង្ឃចំនួន ២១វត្ត ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានពីប្រទេសថៃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សភៀសសឹក និងវីរកងទ័ពកំពុងឈជើងការពារទឹកដីតាមបន្ទាត់ព្រំដែនចំនួន ១,០៨០នាក់។ ពិធីប្រគល់បានធ្វើឡើងនៅក្នុងបរិវេណវត្ដទេពនិមិត្ដធម្មមហាវិហារ ភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា មានថេរដីកាជម្រាបជូនប្រជាជនភៀសសឹក ពីសង្គ្រាមឈ្លានពានរបស់ពីប្រទេសថៃ សូមមានការតស៊ូអត់ធ្មត់ កុំមានការព្រួយបារម្ភ ធ្វើចិត្តស្ងប់ ធ្វើការងារចិញ្ចឹមជិវិតធម្មតា ពីព្រោះយើងមានព្រះករុណាព្រះមហាក្សត្រ សម្ដេចព្រះមហាក្សត្រី សម្តេចតេជោ សម្តេចធិបតី និងរាជរដ្ឋាភិបាល។ ដូច្នេះសូមពលរដ្ឋទាំងអស់មេត្តា ជឿជាក់ទុកចិត្តលើរាជរដ្ឋាភិបាល, ជឿជាក់ទុកចិត្តសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សូមរួបរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាល សម្លេងតែមួយ, សូមចូលរួមគ្នាដាំបន្លែ តាមប្រសាសន៍ណែនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត។
បន្ថែមពីលើសនេះ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ក៏បានផ្ដាំផ្ញើឱ្យមាតាបិតា និងអាណាព្យាលត្រូវបញ្ជូនកូនៗទៅរៀនឱ្យបានគ្រប់ៗគ្នា ដើម្បីស្វែងរកចំណេះវិជ្ជាមកអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងប្រទេសជាតិឱ្យមានការីកចម្រើន និងសូមព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ឱ្យមានសាមគ្គីភាព រួបរួមគ្នា មានឆន្ទៈ និងការលះបង់ដើម្បីសង្គមជាតិ ពិសេសប្អូនៗសិស្សានុសិស្សត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិ។
សូមជម្រាបជូនថា តាំងពីចោរសៀមឈ្លានពានទឹកដីកម្ពុជាលើកទី១ និងលើកទី២មកម្លេះ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានដឹកនាំយកស្បៀងអាហារ និងសួរសុខទុក្ខជាច្រើនលើកច្រើនសារមកហើយ និងនៅតែបន្តគៀងគរសប្បុរសជនដើម្បីទិញស្បៀង សម្ភារៈ ជួយទំនុកបម្រុងជាបន្តបន្ទាប់ឱ្យអស់ពីលទ្ធភាព និងសមត្ថភាព៕
























