និយ័តករធានារ៉ាប់រងកម្ពុជា៖ ម្ចាស់យានយន្តប្រកបអាជីវកម្ម និងម្ចាស់ការដ្ឋានសំណង់ ត្រូវមានកាតព្វកិច្ចទិញធានារ៉ាប់រង, អ្នកមិនអនុវត្ដ ត្រូវមានទោសទណ្ឌ ! (Video inside)

18-02-2026 11:27

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់អាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់ ត្រូវមានកាតព្វកិច្ចទិញធានារ៉ាប់រង សម្រាប់ការប្រកបអាជីវកម្ម។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៊ូ ច័ន្ទភីរូ អញ្ជើញចូលរួម ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

បើតាមលោក ប៊ូ ច័ន្ទភីរូ, យោងតាមច្បាប់ ស្តីពីការធានារ៉ាប់រង ដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ ស្តីពីការធានារ៉ាប់រង នាឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖

១៖ ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ដែលកំណត់ថា ម្ចាស់យានយន្តដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួន ពីក្រុមហ៊ុនធានារ៉ាប់រងណាមួយ លើភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជន ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយយានយន្ដរបស់ខ្លួន។

២៖ ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ ដែលកំណត់ថា ប្រតិបត្តិករអាជីវកម្មដឹកជញ្ជូនអ្នកដំណើររួមទាំងភ្ញៀវទេសចរតាមមធ្យោបាយដឹកជញ្ជូននានា ត្រូវមាន ការធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះអ្នកដំណើរ ដែលជិះតាមមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន ទោះបីមធ្យោបាយនោះចរាចរតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ឬផ្លូវដែកក៏ដោយ។

៣៖ ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ដែលកំណត់ថា រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយដែលជាម្ចាស់ការដ្ឋាន ត្រូវមានភស្តុតាងបញ្ជាក់ថា ខ្លួនមានកិច្ចសន្យាធានារ៉ាប់រង លើភារៈទទួលខុសត្រូវការដ្ឋាន ដែលធានាសំណងជូនជនរងគ្រោះ ដែលរងផលប៉ះពាល់ទាំងរូបរាងកាយ និងទ្រព្យសម្បត្តិ ដែលបង្កដោយសកម្មភាពរបស់ការដ្ឋាន។

លោកបានសង្កត់ធ្ងន់ថា «ជារួមច្បាប់បានកំណត់ជាកាតព្វកិច្ច ដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់ ត្រូវទិញធានារ៉ាប់រងភារៈ ទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជនដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន ជាមួយនោះផងដែរ ច្បាប់ក៏បានកំណត់ទោសទណ្ឌ ចំពោះបុគ្គលដែលល្មើស មិនអនុវត្តតាមកាតព្វកិច្ចទាំងនេះ»

ទន្ទឹមគ្នានេះ លោក ប៊ូ ច័ន្ទភីរូ បានគូសបញ្ជាក់ថា តាមរយៈការអង្កេត និងវាយតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជា មានកត្តាចំនួន៣ ដែលបណ្តាលឱ្យការអនុវត្ត ការធានារ៉ាប់រងជាកាតព្វកិច្ច នៅមានកម្រិតទាបរួមមាន៖

ទី១៖ ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋានពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម
ទី២៖ ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រម-ទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និង
ទី៣៖ ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្ត ពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ច នៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។

លោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ប្តេជ្ញាបន្តសហការជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា ពង្រឹង ជំរុញការលើកកម្ពស់ការយល់ដឹង អំពីច្បាប់នៃការធានារ៉ាបរង។

ជាមួយគ្នានេះ លោកស្រី តិមា វិច្ឆិកាល ក៏សំណូមពរដល់និយ័តករធានារ៉ាប់រង បន្តជំរុញការផ្សព្វផ្សាយអំពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» សំដៅលើកកម្ពស់យល់ដឹងអំពីអត្ថប្រយោជន៍ ធានារ៉ាប់រង ជូនដល់ ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការចូលរួមអនុវត្ត។

ម៉្យាងទៀត រួមចំណែក ក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ពេលមានហានិភ័យកើតឡើង ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ច ឱ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចរាជធានីភ្នំពេញផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី តិមា វិច្ឆិកាល៕