ជនភៀសសឹងជាង១០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងសង្កាត់ចក ក្រុងសៀមរាប ទទួលបានអំណោយពីមន្ទីរពេទ្យ អន្តរជាតិ មិត្តភាព អង្គរ ជប៉ុន ខេត្តសៀមរាប
18-02-2026 18:45
(សៀមរាប)៖ បងប្អូនជនភៀសសឹងជាង១០៨គ្រួសារ ដែលកំពុងស្នាក់នៅតាមផ្ទះបងប្អូន និងមណ្ឌលសុវត្ថិភាពវត្តគោកចក សង្កាត់គោកចក ក្រុងសៀមរាប នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៦នេះ ទទួលបានអំណោយពីមន្ទីរពេទ្យ អន្តរជាតិ មិត្តភាព អង្គរ ជប៉ុន ខេត្តសៀមរាប តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប ដែលអំណោយរបស់សិស្សានុសិស្ស នៃវិទ្យាល័យ អីរ៉ាវ៉ា ហ្គាកឹអ៊ីង នៃប្រទេសជប៉ុន។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា គ្រឿងឧបភោគ បរិភោគ ដែលបាននាំយកមកចែកជូនដល់បងប្អូនជនភៀសសឹកនាពេលនេះ ដើម្បីជួយសម្រាលការលំបាកក្នុងគ្រាអាសន្ន នៃសកម្មភាពមនុស្សធម៌ និងឆ្លុះបញ្ចាំងពីសាមគ្គីភាពគ្នា «ខ្មែរជួយខ្មែរ» ក្នុងការគាំទ្រដល់ពលរដ្ឋដែលរងផលប៉ះពាល់។
ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា សម្ភារៈអំណោយទាំងនេះ ជាអំណោយសប្បុរសជន ជាសិស្សានុសិស្ស នៃវិទ្យាល័យ អីរ៉ាវ៉ា ហ្គាកឹអ៉ឹង នៃប្រទេសជប៉ុន ផ្តល់តាមរយៈមន្ទីរពេទ្យអន្តរជាតិ មិត្តភាព អង្គរ ជប៉ុន។ នេះក៏ជាលើកទី៣ហើយ ដែលមន្ទីរពេទ្យអន្តរជាតិ មិត្តភាព អង្គរ ជប៉ុន បានចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ឬតាមរយៈវត្តប្រាសាទគោកចកផ្ទាល់ផងដែរ។
កញ្ញា ឌី ចរិយា តំណាងមន្ទីរពេទ្យអន្តរជាតិ មិត្តភាព អង្គរ ជប៉ុន បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលមន្ទីរមន្ទីរពេទ្យអន្តរជាតិ មិត្តភាព អង្គរ ជប៉ុន បានដឹកនាំសប្បុរសជន ជាសិស្ស និសិ្សតនៃប្រទេសជប៉ុន នាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នាពេលដែលប្រជាពលរដ្ឋកម្ពុជា បានភៀសសឹកដោយការឈ្លានពានទឹកដី ពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃ ដែលបានមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្តិភាព និងនៅវត្តប្រាសាទគោកចកនេះតែម្តង។
ជាមួយនេះដែរ លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក ក៏បានថ្លែងនូវអំណរគុណចំពោះសប្បុរសជន ដែលជាសិស្សានុសិស្ស នៃវិទ្យាល័យ អីរ៉ាវ៉ា ហ្គាកឹអ៉ឹង នៃប្រទេសជប៉ុន បានបរិចា្ចគធនធាន ថវិកា ដើម្បីឧបត្ថម្ភគាំទ្រដល់ជីវភាពរបស់បងប្អូនភៀសសឹកនាពេលនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាល ឈរលើស្មារតីមិត្តភាព កម្ពុជា-ជប៉ុន និងបង្ហាញនូវក្ដីស្រឡាញ់ សាមគ្គីភាព មិត្តភាព យល់ទុក្ខធុរៈគ្នា និងជួយគ្នាក្នុងគ្រាដ៏ចាំបាច់នេះផងដែរ៕




























