គ្រួសារអតីតយុទ្ធមិត្ត១៩៧៨ ចំនួន ១២៦គ្រួសារ ត្រៀមចូលរស់នៅក្នុងផ្ទះថ្មី នៅលើទឹកដីស្រុកកំពង់រោទិ៍

18-02-2026 18:57

(ស្វាយរៀង)៖ កិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ចជូនគ្រួសារ អតីតយុទ្ធមិត្ត១៩៧៨ ចំនួន ១២៦ខ្នង ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំននី្ទ អគារ ខ សាលាខេត្ត។

កិច្ចប្រជុំនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រីស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍ឯក មេញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកវរសេនីយ៍ឯកមេញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធាន អនុប្រធានមន្ទីរ-អង្គភាព ទីចាត់ការហិរញ្ញវត្ថុ ទីចាត់ការរដ្ឋបាល ទីចាត់ការអន្តរវិស័យ សាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃគោលនយោបាយសង្គមកិច្ចរបស់រាជរដ្ឋាភិបាលថា ការផ្តល់ផ្ទះ និងដីសម្បទានសង្គមកិច្ចនៅភូមិធ្លកថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគាំពារសង្គមដ៏រឹងមាំ ដើម្បីធានាថាគ្មានអតីតយុទ្ធជនណាម្នាក់ត្រូវបានបោះបង់ ចោលឡើយ។ យើងមិនត្រឹមតែផ្តល់ជម្រកប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងផ្តល់នូវស្ថិរភាពជីវិត និងកិត្តិយស ជូនដល់ពួកគាត់ ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ។

លោកអភិបាលរង ក៏បានណែនាំដល់កងកម្លាំងទាំងបី មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនស្មារតីទទួលខុសត្រូវ និងសហការគ្នាឱ្យបានស្អិតរមួតបំផុត ដោយត្រូវចាត់ទុកការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការងារដែលនៅសេសល់ នៅភូមិធ្លកថ្មីនេះ ជាបេសកកម្មរួមតែមួយ។

ជាមួយគ្នានេះ លោក ម៉ែន អេង បានលើកឡើងថា ផ្ទះទាំង ១២៦ ខ្នង រួមជាមួយ ដីសម្បទានសង្គមកិច្ចនៅភូមិធ្លកថ្មី មិនត្រឹមតែជាជម្រកសម្រាប់ជ្រកកោនពីកម្តៅថ្ងៃ និងតំណក់ទឹកភ្លៀង ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា មរតកនៃសន្តិភាព និងជាតឹកតាងនៃភាពកតញ្ញូតាធម៌របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ចំពោះវីរជនដែលបានយកសាច់ស្រស់ឈាមស្រស់ទៅប្តូរយកសេចក្តីសុខជូនមាតុភូមិ។

លោកថា នាពេលឆាប់ៗខាងមុខនេះ ភូមិធ្លកថ្មី ដែលជាភូមិសាស្ត្រមួយ ស្ថិតនៅក្នុងឃុំត្នោត ស្រុកកំពង់រោទិ៍ នឹងប្រែក្លាយទៅជាភូមិដ្ឋាននៃសុភមង្គល ដែលអតីតយុទ្ធមិត្តរបស់យើងអាចរស់នៅ ដោយមានកិត្តិយស មានស្ថិរភាព និងមានបង្អែកសេដ្ឋកិច្ច ដ៏រឹងមាំសម្រាប់កូនចៅជំនាន់ក្រោយ។ នេះគឺជាជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ និងជាមោទនភាព រួមរបស់បុព្វបុរសយើង ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម ដើម្បីមកទទួលផលនៃសន្តិភាព និងការអភិវឌ្ឍ៕