កាកបាទក្រហមកម្ពុជា រៀបចំកិច្ចពិភាក្សាលើប្រធានបទនៃទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៦ ដែលមានវាគ្មិនចូលរួមពីមន្ដ្រីជំនាញសុខាភិបាល

18-02-2026 19:42

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំឱ្យមានកិច្ចពិភាក្សា ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមាន គ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយនិងទារក មានសុខភាពល្អ» ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ២០២៦។

ពិធីនេះបានរៀបចំធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា, លោក យូឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា, លោកស្រី មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា, លោកសាស្រា្តចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប និងលោកវេជ្ជ.ឯកទេស រស់ សាផាត នាយករងមជ្ឃមណ្ឌលជាតិគាំពារមាតា និងទារក ជាវាគ្មិនកិត្ដិយស ក្នុងនោះក៏មានការចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យវេជ្ជសាស្រ្តសុខាភិបាល និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត សរុបប្រមាណ១៩០នាក់។

លោកស្រី ពុំ ចន្ទីនី បានឱ្យដឹងថា វេទិការនៃកិច្ចពិភាក្សានាពេលនេះ ធ្វើឡើងដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងថា «គ្មានម្តាយណាម្នាក់គួរស្លាប់ពេលកំពុងសម្រាលកូនទេ ហើយគ្មានទារកណាម្នាក់គួររងទុក្ខដោយសារមូលហេតុដែលអាចការពារបានឡើយ»។ យើងត្រូវតែរួមគ្នាបង្កើនគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការថែទាំមុនពេលសម្រាលកូន សូម្បីតែក្នុងស្ថានភាពដ៏លំបាកបំផុតក៏ដោយ ដើម្បីឱ្យម្តាយនិងទារកគ្រប់រូប មានការចាប់ផ្តើមដែលមានសុខភាពល្អក្នុងជីវិត។

លោកស្រីបានថ្លែងបន្ដថា «ការថែទាំមុនសម្រាលដែលមានគុណភាពជួយរកឱ្យឃើញនូវផលវិបាកទាន់ពេលវេលា ការពារការស្លាប់របស់ម្តាយ និងទារកទើបនឹងកើត ផ្តល់ការណែនាំអំពីអាហារូបត្ថម្ភត្រឹមត្រូវ និងធានាការសម្រាលកូនប្រកបដោយសុវត្ថិភាព។ នៅពេលដែលយើងវិនិយោគលើការថែទាំមុនសម្រាល គឺយើងនឹងវិនិយោគលើអនាគតនៃប្រទេសជាតិរបស់យើង»

ក្នុងឱកាសនោះដែរ លោកស្រី ពុំ ចន្ទីនី បានឡើងអានសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ ពិសេសសារអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជូនចំពោះបង-ប្អូនជនរួមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ដូចជា៖

១៖លើកកម្ពស់ការយល់ដឹងបន្ថែម និងជួយស្ត្រីតាមរយៈ៖
*ផ្តល់ការណែនាំឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ទៅទទួលការពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលបានការពិនិត្យសុខភាពទាំងម្តាយ ទាំងទារកក្នុងផ្ទៃទទួលបានការអប់រំអំពីការថែទាំខ្លួនក្នុងពេលមានផ្ទៃពោះ របបអាហារ ការពិនិត្យរកជំងឺដែលពាក់ព័ន្ធនឹងការមានផ្ទៃពោះ ការបង្ការការចម្លងមេរោគនានាពីម្តាយទៅកូន ការទទួលថ្នាំបង្ការជំងឺតេតាណូស ជាពិសេសការយល់ដឹង និងស្គាល់អំពីសញ្ញាគ្រោះថ្នាក់ដល់សុខភាពម្តាយនិងទារកក្នុងផ្ទៃ ដូចជា ការធ្លាក់ឈាម ឈឺក្បាល ងងឹតមុខ ស្រវាំងភ្នែក។ល។

*រំលឹកស្ត្រីឱ្យចេះតាមដានការលូតលាស់របស់កូន ដោយតាមដានការធ្វើចលនារបស់ទារកក្នុងផ្ទៃ (ទារកកម្រើក ឬបម្រះ) ជាប្រចាំ និងប្រញាប់ទៅមន្ទីរពេទ្យភ្លាម បើសិនជាសង្ស័យថាមានសញ្ញា គ្រោះថ្នាក់ណាមួយ។

*រំលឹកស្ត្រីមានផ្ទៃពោះ កុំឱ្យធ្វើការធ្ងន់ ព្យាយាមនៅកន្លែងដែលមានខ្យល់អាកាសល្អ មិនក្តៅខ្លាំង និងស្ត្រីត្រូវសម្រាកឱ្យបានច្រើន និងជាពិសេសមិនត្រូវប្រើថ្នាំផ្តេសផ្តាសគ្មានវេជ្ជបញ្ជា មិនត្រូវជក់បារី ឬប្រើគ្រឿងស្រវឹង គ្រឿងញៀន។

២៖សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ មូលដ្ឋានសហគមន៍ ជួយសហការរៀបចំ ស្វែងរកជំនួយ ជួយដល់ស្ត្រី ដែលត្រូវទៅសម្រាល៖

*ដោះស្រាយមធ្យោបាយធ្វើដំណើរ ឬរថយន្តគិលានសង្គ្រោះ ដើម្បីបញ្ជូនស្ត្រីទៅមន្ទីរពេទ្យឱ្យបាន ទាន់ពេលវេលា ក្នុងពេលស្ត្រីជួបបញ្ហា ឬមានសញ្ញាគ្រោះថ្នាក់ណាមួយ។

*ក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ សូមជួយស្ត្រីមានផ្ទៃពោះឱ្យទទួលបានសេវា ពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមណ្ឌលសុវត្ថិភាពដែលបានរៀបចំផ្តល់ជូនដោយមន្ទីរ សុខាភិបាល/ក្រសួងសុខាភិបាល។

៣៖សូមថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ បន្តនូវកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម បម្រើសេវាជូន ប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពថែមទៀត។

៤៖សូមមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមតាមសាខា/អនុសាខា និងក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ជាតិថ្នាក់កណ្តាល និងថ្នាក់សាខា ចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រី/បុគ្គលិកសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការជួយអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសារសុខភាពសំខាន់ៗ ដើម្បី ជាប្រយោជន៍ដល់ពលរដ្ឋគ្រប់រូប ជាពិសេសមាតា និងទារកនៅកម្ពុជា។

៥៖សូមស្ថាប័នជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិល វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍ បន្តជួយគាំទ្រ ទាំងបច្ចេកទេស និងថវិកាដល់ការគាំពារសុខភាពមាតា ទារក និង កុមារ ដែលជាគោលបំណងរួមរបស់យើងទាំងអស់គ្នា។
តាមរយៈសារលិខិតខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងឆ្លងផុតការលំបាកក្នុងពេលឆាប់ៗខាងមុខនេះ និងអាចបោះជំហានទៅមុខយ៉ាងរឹងមាំដោយស្មារតីសាមគ្គីភាព និងជួយដល់ការលើកកម្ពស់សុខភាពមាតា និងទារក ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធសាស្ត្រជាតិស្តីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជា ឆ្នាំ២០២៥-២០៣០ និងនិយាមបែបបទប្រតិបត្តិសម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០៕