កម្ពុជា ចូលរួមជាមួយប្រទេសជាង១៦០ ប្រារព្ធយុទ្ធនាការគាំទ្រ​ទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦

18-02-2026 20:31

(ភ្នំពេញ)៖ កម្ពុជា រួមជាមួយប្រទេសសរុបជាង១៦០លើពិភពលោក បានប្រារព្ធយុទ្ធនា​ការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្នុងបំណងលើកកម្ពស់​ការយល់​ដឹងអំពី​ហានិ​ភ័យអនឡាញដែលកើតឡើងថ្មីៗ រួមមានការគំរាមកំហែងតាមអ៊ីន​ធឺណិត និង​បណ្តាញសង្គម រហូតដល់ការការពារអត្តសញ្ញាណឌីជីថល។

ព្រឹត្តិការណ៍នេះ បានរៀបចំឡើងកាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦​ ក្រោមអធិប​តីភាពលោក​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និងជា​ប្រធាន​គណៈ​កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានសហការរៀបចំរួមគ្នាដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) និងអង្គការសកម្មភាពដើម្បីកុមារ (APLE) ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បីកុមារ (CNCC) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងព័ត៌មាន (Molnfo) និង​សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC)។

អ្នកចូលរួមជាង ២០០០នាក់ បានរួមគ្នាអបអរសាទរយុទ្ធនាការនេះ ដែលរួមមានកុមារ យុវជនវ័យក្មេង មន្ត្រីរាជការ គ្រូបង្រៀន តំណាងអង្គការសង្គមស៊ីវិល ក្រុមហ៊ុនឧស្សា​ហកម្មបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ។

ទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ បានលើកទឹកចិត្តកុមារ និងយុវវ័យ ឱ្យប្រើប្រាស់​បច្ចេក​វិទ្យាឌីជីថលប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវ។ សម្រាប់កម្ពុជា ប្រធានបទឆ្នាំនេះគឺ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួល​ខុសត្រូវ» ដែលសំដៅដោះស្រាយបញ្ហាប្រឈមថ្មីៗ ខណៈដែលកសាងទំនុកចិត្ត​ឌីជីថល​ក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង។

យើងទទួលស្គាល់ថា កុមារមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ពួកគេ​ជា​អ្នក​ចូលរួមយ៉ាងសកម្មក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា។ យុទ្ធនាការរបស់​យើងផ្ដោតលើគោលបំណងចម្បងបី៖

១) អប់រំ៖ ជួយកុមារ ឪពុកម្តាយ និងគ្រូបង្រៀនឱ្យយល់ដឹងពីទាំងឱកាស និងហានិ​ភ័យ​នៅ​ក្នុងពិភពឌីជីថលរបស់យើង រួមទាំងបច្ចេកវិទ្យា AI។

២) បំពាក់៖ ផ្តល់ឧបករណ៍ និងចំណេះដឹងជាក់ស្តែងសម្រាប់អាកប្បកិរិយា​អនឡាញ​ប្រកប​ដោយសុវត្ថិភាព ការគិតត្រិះរិះ និងភាពជាពលរដ្ឋឌីជីថល​ដែលមានការ​ទទួល​ខុសត្រូវ។

៣) ផ្តល់សមត្ថភាព៖ បង្កើតទំនុកចិត្តក្នុងចំណោមកុមារ និងយុវជន ឱ្យហ៊ាននិយាយ ស្វែង​រកជំនួយ និងក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលនៅក្នុងសហគមន៍​អនឡាញ​របស់ពួកគេ។

យុទ្ធនាការសុវត្ថិភាពអ៊ីនធឺណិត (SID) ត្រូវបានចាប់ផ្តើមឡើងដោយគម្រោង EU SafeBorders នៅក្នុងឆ្នាំ២០០៤ ហើយយុទ្ធនាការនេះ​បានវិវត្តពីគំនិតផ្តួចផ្តើម​នៅ​ប្រទេសក្នុងសហគមន៍អឺរ៉ុបទៅជាចលនាសកល ដែលឥឡូវនេះត្រូវបានប្រារព្ធនៅក្នុង​បណ្តាប្រទេសជាង១៦០ នៅទូទាំងពិភពលោក។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ​លើកកម្ពស់​ការយល់ដឹងអំពីហានិភ័យអនឡាញដែលកើតឡើងថ្មីៗ រួមមានការគំរាមកំហែងតាមអ៊ីន​ធឺណិត និងបណ្តាញសង្គម រហូតដល់ការការពារអត្តសញ្ញាណឌីជីថល។

នៅប្រទេសកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលទទួលបានការគាំទ្រ​ពី​រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយុទ្ធនាការនេះចាប់តាំងពីឆ្នាំ២០១៩។ ជារៀងរាល់ឆ្នាំ យើងពង្រឹងការប្ដេជ្ញាចិត្តរបស់យើងក្នុងការការពារកុមារតាមអនឡាញ។

ការប្រារព្ធយុទ្ធនាការ ត្រូវបានរំពឹងថា នឹងជួយឱ្យមានកំណើននៃការយល់ដឹងក្នង​ចំណោម​កុមារ និងយុវជន អំពីការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ, ភាពជាដៃគូកាន់តែរឹងមាំ រវាងរដ្ឋាភិបាល គ្រឹះស្ថានអប់រំ ក្រុម​ហ៊ុន​បច្ចេកវិទ្យា និងអង្គការសង្គមស៊ីវិល, កំណើននៃធនធានចំណេះ​ដឹងដ៏មាន​សារៈ​សំខាន់​​សម្រាប់គ្រួសារ និងសាលារៀនក្នុងការគាំទ្រការ,ប្រើប្រាស់អ៊ីន​ធឺណិត​ប្រកប​ដោយ​សុវត្ថិ​ភាព។

យុទ្ធនាការនេះ ក៏រំពឹងថា នឹងធ្វើឱ្យការសន្ទនាលើបញ្ហានេះ កាន់តែបើកចំហ រវាងមនុស្ស​ពេញ​វ័យ និងកុមារអំពីបទពិសោធន៍ និងកង្វល់អនឡាញ។ បន្ថែមពីលើនោះ គោល​នយោបាយកាន់តែរឹងមាំសម្រាប់ជំរុញវិធានការការពារកុមារនៅក្នុងពិភពឌីជីថលរបស់កម្ពុជា។

លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ APLE បានលើកឡើង​ក្នុងចំណាប់​អា​រម្មណ៍ថា «នៅក្នុងថ្ងៃនេះ ប្អូនៗមិនមែនត្រឹមជាអ្នកទទួលផលពីយុទ្ធនាការនេះ​ប៉ុណ្ណោះ​ទេ ប្អូនៗគឺជាដៃគូ និងជាអ្នកដឹកនាំនាពេលអនាគតសម្រាប់សុវត្ថិភាពឌីជីថល។ ... ពិភពឌីជីថលផ្ដល់ឱ្យយើងនូវឱកាសដ៏ពិសេសមិនធ្លាប់មាន។ ប្អូនៗអាចរុករក និងចូល​ប្រើប្រាស់ធនធានចំណេះដឹងដ៏សម្បូរបែប។ ប្អូនៗអាចតភ្ជាប់ជាមួយអ្នកដទៃ នៅទូទាំងពិភពលោក។ ប្អូនៗអាចបង្ហាញគំនិតច្នៃប្រឌិតរបស់ខ្លួន និងចែករំលែកវាជា​មួយអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរាប់លាននាក់។ ប៉ុន្តែជាមួយឱកាស​ទាំង​នេះ បច្ចេកវិទ្យាអ៊ីនធឺណិតក៏អាចបង្កហានិភ័យដែលត្រូវប្រុងប្រយ័ត្នខ្លាំងផងដែរ»

លោក​នាយកប្រតិបត្តិបានបន្ថែមទៀតថា ការបង្កើតបរិយា កាសឌីជីថលឱ្យកាន់តែមានសុវត្ថិភាពតម្រូវឱ្យមានសកម្មភាពរួមគ្នាពីច្រើនភាគី។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំ​ពើជួញ​ដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា «អ្នកប្រើប្រាស់អ៊ីនធឺណិត ជាពិសេសកុមារ និងយុវវ័យ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សាសុវត្ថិភាពខ្លួន។ យើងសូមលើកទឹកចិត្ត​ឱ្យ​ភាគីពាក់​ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយនៅតាមសាលារៀន និងសហគមន៍នានា ដើម្បី​បង្កើត​បរិយាកាសឌីជីថលដែលកាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់​ទាំងអស់គ្នា»

សូមបញ្ជាក់ថា យុទ្ធនាការឆ្នាំ២០២៦ ទទួលបានការគាំទ្រពីមូលនិធិ CBRD ក្រុមហ៊ុន Smart Axiata អង្គការ Mission Alliance មូលនិធិ Bread for the World អង្គការ ChildFund Cambodia អង្គការ Hagar អង្គការ AusCam អង្គការ Maric និងអង្គការម្លប់តាប៉ាង។ ភាពជាដៃគូរបស់ពួកគេបង្ហាញថា ការការពារកុមារតាម​អនឡាញ​តម្រូវឱ្យមានកិច្ចសហការគ្នាពីគ្រប់វិស័យ៕