អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ ការរៀបចំជួសជុលផ្លូវ កែលំអរចិញ្ចើមផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ អាចរួចរាល់ទាំងស្រុង ក្នុងចន្លោះ១ខែទៅ២ខែទៀត

18-02-2026 21:08

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកក្នុងការរៀបចំកែលម្អរសោភណ្ឌភាពឡើងវិញ នៅកំណាត់ផ្លូវ និងចិញ្ចើមផ្លូវមួយចំនួន នៅតំបន់ជុំវិញផ្សារដើមគ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំចាត់ចែងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំឱ្យអាជីវករដែលរំលោភលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវខាងលើ ទៅលក់ដូរបន្លែ ផ្លែឈើនៅផ្សារតាម៉ាប់ព្រែកជ្រៃ និងផ្សារដើមគថ្មី ដោយដោះស្រាយតាមបែបឈ្នះ ឈ្នះ ក្នុងមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ។

កាេរៀបចំកែលម្អរសោភណ្ឌភាពឡើងវិញនេះ តាមគម្រោងអាចរួចរាល់ទាំងស្រុង ក្នុងចន្លោះ១ខែទៅ២ខែទៀត។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកស្រីបញ្ជាក់ថា គិតមកដល់ពេលនេះ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ជុំវិញបរិវេណផ្សារដើមគ ចាប់ពីថ្ងៃទី១៨ មករា កន្លងមកនេះ យើងធ្វើបានច្រើនដែរហើយ ដោយផ្ដោតទៅលើផ្លូវចំនួន៣ខ្សែធំៗនោះ គឺមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០។ យើងបានរៀបចំការ៉ូឡា នៅជុំវិញផ្សារដើមគ ជិតរួចរាល់ហើយ។ បន្តមកយើងនឹងចាប់ផ្ដើមមួយចំហៀងផ្លូវទៀត។

លោកស្រីបន្ថែមថា ការងាររៀបការរ៉ូឡានេះ យើងអាចបញ្ចប់ក្នុងចន្លោះពេលខ្ទង់មួយខែទៀត។ នៅមហាវិថីមុនីរ៉េត ការងារនេះយើងត្រូវធ្វើទាំងពីរខាងផ្លូវ ពោលគឺទាំងក្នុងខណ្ឌទួលគោក និងនៅក្នុងខណ្ឌបឹងកេងកង។ ដូចគ្នានេះដែរ ចំពោះផ្លូវ២ខ្សែទៀត ដូចជាផ្លូវ២៣០ និងមហាវិថីម៉ៅសេទុង យើងក៏អនុវត្តការងារនេះដូចគ្នាផងដែរ។ ចំណែកការងារផ្សេងទៀត មានទាំងការងារដាក់ប្រព័ន្ធលូ ជួសជុលអណ្ដូងលូ ក៏យើងបាននិងកំពុងដំណើរការព្រមៗគ្នាផងដែរ។ បន្ទាប់មកទៀត យើងនឹងមានការអ៊ុតកៅស៊ូ គូសគំនូសចរាចរណ៍ នៅលើកំណាត់ផ្លូវទាំងនេះផងដែរ។

លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា ចំពោះគម្រោងខាងលើនេះ អាចបញ្ចប់ទាំងអស់ នៅក្នុងរង្វង់១ខែ ឬ២ខែខាងមុខទៀត។

រដ្ឋបាលរាជធានីភ្នំពេញ ក្រោយបានផ្លូវមកវិញ បានធ្វើការកែលម្អរសោភណ្ឌភាព ដោយរៀបជាថ្មក្រានី លើចិញ្ចើមផ្លូវដើរថ្មើរជើង និងរៀបចំប្រព័ន្ធលូឡើងវិញ មហាវិថីព្រះមុនីរ៉េត ផ្លូវ២៣០ មហាថីម៉ៅសេទុង និងផ្លូវមួយចំនួនទៀត។

គួររំលឹកដែរថា តាមរយៈការដោះស្រាយតាមបែបឈ្នះ ឈ្នះ និងមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ របស់លោក ឃួង ស្រេង និងដោយមានការគាំទ្រ និងចូលរួមពីបងប្អូនអាជីវករ ដោយពួកគាត់បានសម្រេចចិត្តផ្លាស់ប្តូទីតាំងពីការលក់ដូរ លើទ្រូង និងចិញ្ចើមផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគចាស់ ហើយបាននាំគ្នាទៅលក់ដូរនៅផ្សារដើមគថ្មី នាខណ្ឌព្រែកព្នៅ និងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ។

ដូច្នេះត្រូវរួមគ្នាដើម្បី ផ្ទះ ផ្លូវ និងទីក្រុងយេីងស្អាត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិតជាខិតខំប្រឹងប្រែងណាស់សព្វថ្ងៃនេះ គឺធ្វើជាប់ជាប្រចាំ ប៉ុន្តែក៏ទាមទារការចូលរួមសហការនិងយោគយល់ អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែរទេីបការប្រឹងប្រែងរបស់អាជ្ញាធរយើងទទួលបានជោគជ័យ៕