គ.ជ.ប ទទួលជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) ពីប្រទេសជប៉ុន
19-02-2026 13:06
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីប្រគល់ ទទួលផ្លូវការនូវជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ក្រោមអធិបតីភាពលោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) នេះ បានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការរួមចំណែកដ៏មានអត្ថន័យសំដៅលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និ ង ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅកម្ពុជា។
លោកប្រធាន គ.ជ.ប បានរំឭក អំពីការរួមចំណែករបស់ប្រទេសជប៉ុន ដែលតាមរយៈការអនុវត្តជំនួយ ODA ប្រទេសជប៉ុនតែងតែផ្តល់ការគាំទ្រចំពោះ គ.ជ.ប ជាហូរហែ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី២ ឆ្នាំ១៩៩៨ដែល គ.ជ.ប រៀបចំដោយខ្លួនឯងជាលើកដំបូង មានជាអាទិ៍ ការផ្តល់ជំនួយជាសម្ភារបរិក្ខារបច្ចេកទេស អ្នកជំនាញការ ការងារអប់រំអ្នកបោះឆ្នោត ការបណ្តុះបណ្តាលមន្រ្តីគ.ជ.ប ព្រមទាំងដំណើរទស្សនកិច្ចសិក្សា និងសង្កេតការណ៍បោះឆ្នោតដោយផ្ទាល់នៅប្រទេសជប៉ុនជាដើម។
លោកបានបន្ថែមថា កាលពីចុងឆ្នាំ២០១៥ ប្រទេសជប៉ុនក៏ធ្លាប់បានផ្តល់ជំនួយជាសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) ដើម្បីប្រើប្រាស់ក្នុងការអនុវត្តការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ហើយបញ្ជីបោះឆ្នោតថ្មីនេះ គ.ជ.ប បានបន្តធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំនិងបានយកទៅប្រើប្រាស់ក្នុងការបោះឆ្នោតទាំងសកល ទាំងអសកលសរុបចំនួនប្រាំបីលើករួចមកហើយ។
លោក ប្រាជ្ញ ចន្ទ បានសង្កត់ធ្ងន់ថា ជំនួយសម្ភារ បរិក្ខារ បច្ចេកទេសរបស់ប្រទេសជប៉ុននេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល របស់ គ.ជ.ប ដែលគាំទ្រដល់ការធ្វើកំណែទម្រង់ និងទំនើបកម្មដំណើរការបោះឆ្នោត ឆ្ពោះទៅរៀបចំការបោះឆ្នោតសកលនាឆ្នាំ២០២៧និងឆ្នាំ២០២៨ខាងមុខ សំដៅលើកកម្ពស់ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ព្រមទាំងតម្លាភាពក្នុងការរៀបចំ ការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា និងការបង្កើនទំនុកចិ ត្ត មកលើលទ្ធផលនៃការបោះឆ្នោត។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌ ការប្រើប្រាស់ប្រព័ន្ធដែលមានលក្ខណៈរឹងមាំ និងសុវត្ថិភាព សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត គឺពិតជាមានសារៈសំខាន់ណាស់ ដូច្នេះហើយទើបរដ្ឋាភិបាលជប៉ុន បានសម្រេចបន្តផ្ដល់ជំនួយសម្ភារ និងបរិក្ខារបច្ចេកទេសសុវត្ថិភាពពាក់ព័ន្ធនៃម៉ាស៊ីនមេ (Servers) នេះ។
លោកឯកអគ្គរាជទូត មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រទេសជប៉ុន ដែលចាត់ជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នឹងបន្តអភិវឌ្ឍន៍:និងពង្រឹងបន្ថែមទៀត ដែលនឹងនាំឱ្យប្រទេសទាំងពីរ កាន់តែមានអនាគតភ្លឺស្វាង។
លោក ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភនូវជំនួយដ៏ថ្លៃថ្លានេះ និងសម្ដែងនូវអំណរគុណចំពោះលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) និងមន្រ្តីស្ថានទូតទាំងអស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ព្រមទាំងទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការអនុវត្តកម្មវិធី ODA របស់ជប៉ុន មូលនិធិ JICS និងក្រុមហ៊ុន KDDI Asia Pacific ដែលខិតខំអនុវត្តគម្រោង ផ្តល់ ជំនួ យ សម្ភារ បរិក្ខារបច្ចេកទេស ប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់ គ.ជ.ប តាំងពី ដំណាក់កាលចាប់ផ្តើមរហូតដល់បានសម្រេច៕


















