បណ្ឌិត អ៊ាង សុផល្លែត បង្ហាញលទ្ធផលនៃដំណើរបំពេញបេសកកម្មរយៈពេល៣ថ្ងៃ លើទឹកដីជប៉ុន ដោយបាននាំមកនូវសមិទ្ធផល ជាច្រើនលើវិស័យបរិស្ថាន (Video inside)
19-02-2026 15:03
(ភ្នំពេញ)៖ ដំណើរបំពេញបេសកកម្មរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននាំមកនូវសមិទ្ធផល ជាច្រើនលើវិស័យបរិស្ថាន។
សមិទ្ធផលទាំងនោះរួមមាន៖
*កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុនលើវិស័យបរិស្ថាន
លោកបណ្ឌិត អ៊ាង សុផល្លែត និងលោក ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានចំនួន ៦សំខាន់ចម្បងៗ ដើម្បីជំរុញការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ការវិនិយោគ ការដាក់ប្រើប្រាស់នូវបច្ចេកវិទ្យា ផលិតកម្ម ប្រព័ន្ធសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធដែលមានកាបូនទាប សំដៅពង្រឹងភាពស្អាត ភាពបៃតង និងចីរភាពរបស់កម្ពុជា ដូចខាងក្រោម៖
-ទី១៖ ពង្រឹង និងពង្រីកយន្តការឥណទានរួម (Joint Credit Mechanism-JCM) ដែលមានស្រាប់ និងគម្រោងផ្នែកជីវម៉ាស
-ទី២៖ សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខណ្ឌអាស៊ាន
-ទី៣៖ ការគាំទ្រលើផែនការជាតិ ស្តីពី ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសប្រព័ន្ធព្រមានជាមុន (Early Warning System)
-ទី៤៖ ការគ្រប់គ្រងសំណល់៖ ការគ្រប់គ្រងសំណល់រឹង ការកែច្នៃសំរាម-សំណល់ឡើងវិញ និងការទាញយកថាមពលអគ្គីសនីពីសំណល់
-ទី៥៖ ការផ្សព្វផ្សាយព័ត៌មានអំពីផលប៉ះពាល់នៃសំរាម-សំណល់ និងការផលិតថង់ជីវម៉ាសងាយបំបែកធាតុ និង
-ទី៦៖ ការគ្រប់គ្រង និងផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងឧទ្យានជាតិ។
បន្ថែមពីនេះ កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្ត ដែលបាននិងកំពុងអនុវត្ត ដើម្បីសម្រចគោលបំណងរបស់ខ្លួនទៅកាន់ភាគីជប៉ុន ដូចខាងក្រោម៖
១-ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ កម្ពុជាមានផែនការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ដោយផ្តោតលើវិស័យថាមពលឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់
២-សេដ្ឋកិច្ចចក្រា (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល «ស្អាត បៃតង និងចីរភាព»
៣-ការគ្រប់គ្រងនិងការពារការបំពុល៖ កម្ពុជាបាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈ និងសុខុមាលភាពប្រព័ន្ធអេកូឡូស៊ីឱ្យកាន់តែប្រសើរឡើង
៤-ការអភិរក្សជីវៈចម្រុះ៖ ការទទួលស្គាល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិថាជា «ហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ»។ ការការពារ ស្តារឡើងវិញនិងការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះស្របតាមដំណោះស្រាយធម្មជាតិគឺជាភារកិច្ចដ៏មានសារៈសំខាន់បំផុតក្នុងបរិបទបរិស្ថានសកល ជាពិសេសការប្រែប្រួលអាកាសធាតុ សម្រាប់ការសម្រេចឱ្យបានគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០ របស់កម្ពុជា និងចក្ខុវិស័យរបស់កម្ពុជានាឆ្នាំ២០៥០។
នាឱកាសដែរ ក្រសួងបរិស្ថានកម្ពុជា បានអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធសមាគមមេធាវីជប៉ុន Shiho-Shoshi
អនុស្សរណៈនេះ គឺដើម្បីសម្រេចបាននូវបេសកកម្មលើវិស័យបរិស្ថានរបស់កម្ពុជា និងគាំទ្រដល់គោលបំណងក្នុងការអនុវត្តនូវកិច្ចសហប្រតិបត្តិការខាងលើ ក្រសួងបរិស្ថានបានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធសមាគមមេធាវីជប៉ុន Shiho-Shoshi។
កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងកិច្ចការច្បាប់បរិស្ថានលើចំណុចសំខាន់ចម្បងៗចំនួន ៣ដូចខាងក្រោម៖
ទី១៖ លើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន
ទី២៖ ពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន
ទី៣៖ កសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះ។
-កិច្ចសហប្រតិបត្តិការនេះនឹងលើកកម្ពស់សិទ្ធិអំណាចរបស់សហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ ឱ្យកាន់តែយល់ដឹងអំពីសិទ្ធិរបស់គាត់។ ប្រការនេះ ការអភិវឌ្ឍនឹងមានភាពកាន់តែងាយស្រួល និងសម្រចបានក្នុងលក្ខណៈសុខដុមរមនីយកម្មជាមួយធម្មជាតិ ប្រកបដោយនិរន្តរភាព និងបរិយាបន្ន។
-ការអនុវត្តច្បាប់ និងការងារវិស័យបរិស្ថានត្រូវតែដើរទន្ទឹមគ្នា។ នៅពេលស្ថាប័នរបស់យើងមានតម្លាភាព ច្បាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព យើងនឹងបង្កើតបានមូលដ្ឋានគ្រឹះនៃភាពជោគជ័យយូរអង្វែងមួយ៕


















