៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាង១ម៉ឺននាក់
19-02-2026 21:51
(រតនគិរី)៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ភ្ញៀវជាតិ-អន្តរជាតិមកទស្សនា និងដើរលេងកម្សាន្តនៅតាមរមណីដ្ឋាននានា លើទឹកដីខេត្តរតនគិរី មានចំនួន១០,៧៩៨នាក់ កើនឡើង៣.៨៩%។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ដែលបានបង្ហាញនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំនួនខាងលើ ភ្ញៀវទេសចរជាតិ ចំនួន៤,៦៥១នាក់ កើនឡើង២.៩៧%។ ភ្ញៀវទេសចរអន្តរជាតិ ចំនួន១៨៤នាក់ កើនឡើង១៧.៩៥%។ ចំនួនប្រជាពលរដ្ឋដើរលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម សរុប៥,៩៦៣នាក់ កើនឡើង៤.២៣%។ ភ្ញៀវទេសចរសរុប១០,៧៩៨នាក់ កើនឡើង៣.៨៩% បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម ឆ្នាំ២០២៥។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនេះ បើទោះបីបុណ្យចូលឆ្នាំចិន-វៀតណាម មិនមែនពិធីបុណ្យជាតិរបស់ខ្មែរក៏ពិតមែន តែនៅកម្ពុជា មានបងប្អូនខ្មែរជាប់ខ្សែស្រឡាយចិនច្រើន ដូច្នេះហើយបានជាប្រជាពលរដ្ឋខែ្មរដែលជាប់ខ្សែ ស្រឡាយចិនបានដើរទៅកម្សាន្ដនៅតាមរមណីដ្ឋាននានាច្រើន ជាពិសេសនៅខេត្តរតនគិរី មានរមណីដ្ឋានសម្រាប់សម្រាកលំហែកាយ កម្សាន្តច្រើនតាមបែបធម្មជាតិ។
លោកបានបញ្ជាក់ថា ខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន អភិបាលខេត្ត ធ្វើឲ្យខេត្តរតនគិរី មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ សំខាន់គឺវិស័យទេសចរណ៍ ដោយមានហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត មានប្រព័ន្ធផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សារទំនើប ជាដើមជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានភាពល្អធ្វើឲ្យភ្ញៀវទេសចរមកលេងម្ដងហើយ ចង់មកលេងម្ដងទៀត៕













