«វិទ្យាល័យ ជា ចាន់តូ» វិទ្យាល័យបង្កើតថ្មីមួយ នឹងលេចរូបរាងឆាប់ៗក្នុងស្រុកសន្ទុក ដើម្បីផ្តល់ឱកាសសិស្សនៅជនបទ បានសិក្សាគ្រប់ៗគ្នា

20-02-2026 11:27

(កំពង់ធំ)៖ វិទ្យាល័យបង្កើតថ្មីមួយកន្លែង នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗ ស្ថិតនៅក្នុងទឹកដីស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសការផ្តល់ឱកាសដល់សិស្សានុសិស្សនៅតាមជនបទ ទទួលបានការសិក្សាគ្រប់ៗគ្នា។

ព្រះសង្ឃ ម្ចាស់គម្រោង អាជ្ញាធរឃុំ-ស្រុក គណៈគ្រប់គ្រងនៃបណ្តាគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ វិទ្យាល័យ ជា ចាន់តូ (វិទ្យាល័យ បង្កើតថ្មី) ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ, ក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកសាង មូលធនមនុស្ស តាមរយៈការផ្តល់ឱកាសដល់សិស្សានុសិស្សនៅតាមជនបទ ឱ្យទទួលបានកម្មវិធីសិក្សាប្រកបដោយគុណភាពខ្ពស់។

លោកស្រី ខៀវ ស៊ីណា ស្ថាបនិកវិទ្យាល័យ ជា ចាន់តូ លើកឡើងថា ឯកឧត្តម ជា ចាន់តូ ដែលជាស្វាមី បានចំណាយពេលពេញមួយជីវិត ដោយតែងតែគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងវិស័យអប់រំ និងការគោរពប្រតិបត្តិព្រះពុទ្ធ សាសនា ក្រៅពីបំពេញតួនាទី ជាទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ធំ។

លោកស្រីបានបន្ដថា ដោយយល់ច្បាស់អំពី ឧត្តមប្រយោជន៍ កើតចេញពីការអប់រំ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា លោកស្រីនិងស្វាមី តែងតែផ្តួចផ្ដើម និងបានកសាងនូវ សមិទ្ធផលនានាដូចជា អាគារសិក្សា និងវត្តអារាមជាដើម និងមានក្តីសុបិនថា កូនចៅជំនាន់ក្រោយ ជាពិសេសកូនចៅមកពីគ្រួសារ ក្រីក្រនៅតំបន់ជនបទ នឹងទទួលបានការអប់រំប្រកបដោយស្ដង់ដាខ្ពស់តាមបែបអន្តរជាតិ។

លោកស្រីបានបន្ថែមថា ចំពោះវិទ្យាល័យ ជា ចាន់តូ ដែលត្រូវបានបង្កើតឡើងនាពេលនេះ គឺស្របតាមឆន្ទៈរបស់ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា កសាងមូលធនមនុស្ស តាមរយៈការផ្តល់ឱកាសដល់សិស្សានុសិស្សនៅជនបទ ឱ្យទទួលបានកម្មវិធីសិក្សាប្រកបដោយគុណភាព។

សូមបញ្ជាក់ថា បេសកកម្មចម្បងរបស់វិទ្យាល័យ ជា ចាន់តូ គឺដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សដែលមានសក្តានុពល និងមានការ ប្ដេជ្ញាចិត្តខ្ពស់ ក្នុងការទទួលបានការអប់រំតាមបែបស្តង់ដាអន្តរជាតិ បើទោះបីមកពីគ្រួសារក្រីក្រ ឬស្ថិតនៅតំបន់ដាច់ស្រយាលយ៉ាង ណាក្តី។

វិទ្យាល័យថ្មីនេះ នឹងផ្តល់ជូននូវកម្មវិធីសិក្សាដែលសម្បូរបែបដល់សិស្សានុសិស្ស ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និង គុណតម្លៃ ជាពិសេសត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ក្នុងនោះគម្រោងដែលត្រូវសាងសង់រួមមាន៖ ចំណតរថយន្ត អគាររដ្ឋបាល អាហារដ្ឋាន បណ្ណាល័យ អគារពិសោធន៍ អគារថ្នាក់រៀន តារាងកីឡា និងអគារស្នាក់នៅសិស្សនិងគ្រូជាដើម៕