អគ្គីភ័យឆេះផ្ទះនៅខណ្ឌឬស្សីកែវ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរបួស៥នាក់, សមត្ថកិច្ចប្រើទឹកអស់ ១៨៤ឡានទើបគ្រប់គ្រងបាន (Video inside)

20-02-2026 11:45

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង ១០យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរងរបួស៥នាក់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សន សុខឃីម អាយុប្រហែល៣៨ឆ្នាំ មុខរបរ លក់នំខេក។ ប្រភេទសំណង់ ផ្ទះល្វែង២ល្វែង ថ្មបេតុង​ ទំហំ​ (៤ម៉ែត្រ​ x ១៦ម៉ែត្រ)។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះ បានខូចខាតសម្ភារៈ ផ្ទះល្វែង​៣ល្វែង​អស់ទាំងស្រុង​ និងសម្ភារៈប្រេីប្រាស់ប្រចាំថ្ងៃទាំងស្រុង ព្រមទាំងបណ្ដាលឲ្យស្លាប់មនុស្ស ចំ​នួន៤នាក់​ (ប្រុស​១នាក់​ ស្រី៣នាក់)។ របួសមនុស្ស ចំ​នួន៥នាក់​ (ស្រី១នាក់រងរបួសធ្ងន់,​ ប្រុស៣នាក់​ ជាក្រុមជំនួយស្ម័គ្រចិត្ត)។

សម្រាប់ប្រតិបត្តិការសង្គ្រោះ សមត្ថកិច្ចប្រើរថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងាង្គ្រោះចំនួន២២គ្រឿង (ប្រេីប្រាស់ទឹកអស់ចំនួន១៧៦ឡាន), រថយន្តក្រសួងមហាផ្ទៃ​ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន, រថយន្តសាលាខណ្ឌឬស្សីកែវ​ ចំនួន៣គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​៤ឡាន​, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង​ ប្រេីប្រាស់ទឹកអស់២ឡាន​។

សម្រាប់ប្រតិបត្តិការនេះលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំបញ្ជាបាញ់ពន្លត់ភ្លើង។

បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើមហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើង៕