ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅខេត្តបាត់ដំបង
20-02-2026 14:42
(បាត់ដំបង)៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុក រលួយជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅថ្នាក់ក្រោមជាតិនៅខេត្តបាត់ដំបង។
ពិធីនេះមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ប្រភេទ និងមន្ត្រីជុំវិញខេត្តជាច្រើនទៀត។
ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោក សុខ លូ បានបង្ហាញការជឿជាក់ថា ការផ្សព្វផ្សាយនាពេលនេះ នឹងបានជួយឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ស្វែងយល់បន្ថែមទៀតអំពីប្រវត្តិគោលគំនិតសំខាន់ៗ ក៏ដូចជាចំណេះដឹងទូលំទូលាយ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធបានជ្រួតជ្រាប និងច្បាស់លាស់បន្ថែម។
លោក សុខ លូ បានថ្លែងអំណរគុណចំពោះប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃរៀបចំផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនៅខេត្តបាត់ដំបង។
សូមជម្រាបថា ពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធ ភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋព្រមទាំងរក្សាភាពស្អាត ស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ។
ច្បាប់នេះផងដែរមានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តក្រោយពេលដែលច្បាប់នេះមានអនុភាពអនុវត្ត៕






































