ពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារ នៅសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីសប្បុរសជន

20-02-2026 15:50

(សៀមរាប)៖​ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទទួលបានអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីសប្បុរសជន តាមរយៈរដ្ឋបាលសង្កឋត់គោកចក។

ក្នុងឱកាសនោះលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានលើកឡើងថា វត្តអារាមមិនត្រឹមតែជាទីសក្ការៈបូជាតាមបែបសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់សីលធម៌សង្គម និងការចែករំលែក ព្រមទាំងការអភិវឌ្ឍប្រទេសជាតិផងដែរ។

លោក ហាយ យង់ ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលកន្លងមកសកម្មភាពរបស់ព្រះតេជព្រះគុណ មិនត្រឹមតែជួយសម្រាលបន្ទុករបស់អាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «ឱសថទិព្វ» ជួយព្យាបាលផ្លូវចិត្ត និងផ្តល់សេចក្តីសង្ឃឹមដល់ជនងាយរងគ្រោះ ឱ្យមានកម្លាំងចិត្តតស៊ូក្នុងជីវិតបន្តទៀត។

លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានលើកឡើងថា ចំពោះអំណោយដែលមានជាជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីបងប្អូនសប្បុរសជន ដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលសង្កាត់គោកចក។ ក្នុងនោះក៏បានការចូលរួមឧបត្ថម្ភពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកផងដែរ។

លោកស្រីបានបន្តថា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ដែលបងប្អូនទទួលបាននាពេលនេះ ទោះបីមានតម្លៃមិនច្រើនប៉ុន្តែវាជា «ទឹកចិត្ត» និងការខ្វល់ខ្វាយរបស់អាជ្ញាធរចំពោះជីវភាព ព្រមទាំងការរស់នៅរបស់បងប្អូន ហើយនេះ គឺជាសក្ខីភាពដែលបង្ហាញថា «អាជ្ញាធរមិនទុកបងប្អូនចោលឡើយ»

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា ការដែលយើងមានចិត្តមេត្តាចេះចែករំលែកនូវស្បៀងអាហារដល់អ្នកដែលកំពុងខ្វះខាត និងជនភៀសសឹក គឺជា «ទានបារមី» ដ៏ខ្ពង់ខ្ពស់។

ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា ក្នុងព្រះពុទ្ធសាសនាការឱ្យទាននូវអាហារ ឈ្មោះថាឱ្យនូវកម្លាំង ហើយទង្វើនេះមិនត្រឹមតែជួយជីវិតមនុស្សឱ្យរស់បាននោះទេ ប៉ុន្តែវា គឺជាការសាបព្រោះគ្រាប់ពូជនៃសន្តិភាព និងក្ដីស្រឡាញ់នៅក្នុងសង្គម។ សូមឱ្យបុណ្យកុសលនេះ តាមជួយថែរក្សាញាតិញោមឱ្យជួបតែសេចក្ដីសុខគ្រប់ប្រការ។

ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្ថែមថា វត្តអារាមជានិមិត្តរូបនៃជនជាតិខ្មែរ ដែលជនជាតិខ្មែរនៅទីណាត្រូវតែមានវត្តអារាមនេះផង ហើយវត្ត គឺជាកន្លែងប្រជុំរបស់ប្រជាជនគ្រប់វ័យ និងគ្រប់វណ្ណៈដោយគ្មានការរើសអើង ដែលទទួលកូនខ្មែរជាសិស្សានុសិស្សក្រីក្រឱ្យស្នាក់នៅសិក្សារៀនសូត្រ និងស្វែងយល់ពីប្រពៃណីទំនៀមទំលាប់ជាតិ និងជាកន្លែងចែករំលែកទាន បច្ច័យបួន ដែលជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់រដ្ឋ និងប្រជាពលរដ្ឋ៕