ក្នុងប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជនបរទេសជាង ៨,០០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
20-02-2026 15:54
(ភ្នំពេញ)៖ ក្នុងប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈជនបរទេសប្រមាណជាង ៨,០០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើបទបង្ហាញជូនអង្គទូតនៅរាជធានីភ្នំពេញ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា។ កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេស, លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរដល់ស្ថានបេសកកម្ម និងដៃគូបរទេស ចំពោះការបន្តចូលរួម និងគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានពង្រីកនូវវិសាលភាព និងភាពស្មុគស្មាញ។
លោកបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មនេះគឺជាក្តីកង្វល់សកល ទាមទារការចូលរួមរបស់រាជរដ្ឋាភិបាលនៅគ្រប់កម្រិត និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។
បន្ថែមពីនេះ លោក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុង ការលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការពង្រឹងការបង្ក្រាបនៅទូទាំងប្រទេស ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបង្កើតឡើងនៅដើមឆ្នាំមុន ដើម្បីធានានូវប្រសិទ្ធភាព នៃយុទ្ធនាការនេះ។
ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអង្គទូតអំពីវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីឆ្នាំកន្លងទៅ ដោយបានលើកឡើងអំពីការបង្ក្រាបប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេសបានចំនួន ២០០ករណី និងបានចាត់វិធានតាមផ្លូវច្បាប់ចំពោះមេខ្លោង ជាតិសាសន៍ចម្រុះបានប្រមាណ៥០០នាក់។ អាជ្ញាធរបានឆ្មក់ចូលបង្ក្រាបទីតាំងជាច្រើនកន្លែង ហូតវត្ថុតាងឌីជីថលជាច្រើន ក្រោមការគាំទ្រជាជំនួយបច្ចេកទេសពីដៃគូអន្តរជាតិ។
ខណៈដែលសកម្មភាពបង្ក្រាបទាំងនេះ បានឈានដល់ការបណ្តេញជនបរទេសប្រមាណជាង ៨,០០០នាក់ពីប្រទេសកម្ពុជា អាជ្ញាធរកម្ពុជាកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការផ្តល់កន្លែងស្នាក់នៅបណ្តោះ អាសន្នសម្រាប់ជនបរទេសជាច្រើនទៀត ដែលត្រូវការឯកសារធ្វើដំណើរ និងការគាំទ្រដល់ការធ្វើមាតុភូមិ-និវត្តន៍របស់ពួកគេទៅកាន់ប្រទេសកំណើតវិញ។ លោកបានកត់សម្គាល់បន្ថែមទៀតថា បណ្តាញឧក្រិដ្ឋជន បានសម្របខ្លួនដោយពង្រាយប្រតិបត្តិការទៅជាកន្លែងតូចៗ ឬតាមលំនៅដ្ឋាន ដែលបង្កើតជាបញ្ហាប្រឈមថ្មីក្នុងការបង្ក្រាប។
ការស៊ើបអង្កេតនៅតែបន្ត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងតាមដានលំហូរហិរញ្ញវត្ថុ និងកំចាត់បណ្តាញលាងលុយ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឆ្លើយតបទៅនឹងភាពចន្លោះប្រហោងផ្នែកច្បាប់ កម្ពុជាកំពុងដំណើរការអនុម័ត ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅពង្រឹងនិរន្តរភាព ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ អំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា និងដៃគូបរទេសនានា រួមមាន ប្រទេសចិន វៀតណាម សាធារណរដ្ឋកូរ៉េ ជប៉ុន ឥណ្ឌា អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងការិយាល័យអង្គការសហ ប្រជាជាតិប្រឆាំងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជាដើម។ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យបន្តការគាំទ្រលើផ្នែកការកសាងសមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន និងកិច្ច ខិតខំប្រឹងប្រែងរួមក្នុងការធ្វើមាតុភូមិនិវត្តន៍។
ជាទីបញ្ចប់ ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្តែងសុទិដ្ឋិនិយមថា តាមរយៈការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ ប្រតិបត្តិការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានឹងត្រូវបានលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ កិច្ចប្រជុំបានបិទបញ្ចប់ជាមួយ វេទិកាសំណួរ-ចម្លើយ៕










