កម្ពុជា ស្វាគមន៍នាវាទេសចរណ៍សញ្ជាតិ Marshall Islands ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

20-02-2026 16:00

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានស្វាគមន៍នាវាទេសចរណ៍មួយគ្រឿងឈ្មោះ Seven Seas Explorer សញ្ជាតិ Marshall Islands ដឹកភ្ញៀវទេសចរចំនួន ៧៣០នាក់ មកពី ២៤ សញ្ជាតិ ចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ការចូលចតនេះ មានគោលបំណងអនុញ្ញាតឲ្យភ្ញៀវទេសចរធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ បន្ទាប់ពីធ្វើដំណើរចេញពីប្រទេសថៃ ហើយបន្តដំណើរទៅកាន់ប្រទេសវៀតណាម នៅយប់ថ្ងៃដដែល។

នាវាទេសចរណ៍ខាងលើបានចូលចតដោយសុវត្ថិភាព ក្រោមការចង្អុលបង្ហាញរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរ និងនាវិកចំនួន ៥៤៦នាក់ មកពី ៤០ សញ្ជាតិ។ នាវា Seven Seas Explorer មានបណ្ដោយប្រវែង ២២៣,៧៤ម៉ែត្រ ទទឹង ៣១ម៉ែត្រ និងជម្រៅ ៧ម៉ែត្រ។

ក្នុងឱកាសនោះ មន្ទីរទេសចរណ៍បានណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ដើម្បីផ្ដល់បទពិសោធន៍ល្អប្រសើរជូនភ្ញៀវទេសចរ។ ការចូលចតរបស់នាវាទេសចរណ៍អន្តរជាតិ បន្តបង្ហាញពីភាពទាក់ទាញ និងសក្តានុពលរបស់វិស័យទេសចរណ៍កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោក៕