អភិបាលខេត្តតាកែវ៖ នៅឆ្នាំ២០២៥ មានរោងចក្រ សហគ្រាសថ្មីមានចំនួន ៨០កន្លែង មកវិនិយោគ និងផ្តល់ឱកាសការងារជិត ៣ម៉ឺននាក់

20-02-2026 16:10

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជម្រាបទៅគណៈកម្មាធិការទី៨ នៃព្រឹទ្ធសភាថា ក្នុងរយៈពេលពេញ១ ឆ្នាំ២០២៥ កន្លងទៅ នៅខេត្តតាកែវ ទទួលបានរោងចក្រ សហគ្រាស ដែលមកធ្វើការវិនិយោគថ្មីបានចំនួន៨០កន្លែង បើធៀបទៅនឹងឆ្នាំ២០២៤ មានការកើនឡើងជាង ៣៣៣% បើគិតតាមតួលេខអនុគណៈកម្មការវិនិយោគខេត្ត និងគណៈកម្មការវិនិយោគថ្នាក់ជាតិកើនឡើងជាង ១៩២%។

ថ្លែងនៅក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃព្រឹទ្ធសភា ផ្នែកការងារ សុខាភិបាល សង្គមកិច្ច និងកិច្ចការនារី ដែលដឹកនាំដោយលោកស្រី មាន សំអាន ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, លោក វ៉ី សំណាង​ បានលើកឡើងថា៖ «ខេត្តតាកែវ បច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសចំនួន៨៣៧រោងចក្រ មានកម្មករប្រមាណ ១៣៦ ៣៣៣នាក់ ស្រី ៨៣ ៦២០នាក់។ ដោយឡែកឆ្នាំ២០២៥ កន្លងទៅ មានរោងចក្របើកថ្មី ចំនួន៨០ រោងចក្រ មានកម្មករចំនួន ២៨ ៥៩៩នាក់ ស្រី ១១ ៥២៥នាក់ និងឆ្នាំ២០២៦នេះ មានរោងចក្របើកថ្មីចំនួន ១៩បន្ថែមទៀត មានកម្មករ ៨ ៤៦៦នាក់ ស្រី ៣ ៩០៨នាក់ និងកំពុងតម្រូវការកម្លាំងពលកម្មជាង ៨ពាន់កន្លែង»។

អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ទន្ទឹមរោងចក្រកើនឡើងយ៉ាងកំហុគ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានរុញរោងចក្រ សហគ្រាស ទៅដល់មូលដ្ឋានដែលពួកគាត់រស់នៅផ្ទាល់ ដើម្បីធ្វើយ៉ាងណាផ្ដល់ឱកាសការងារនៅជិតផ្ទះ ងាយស្រួលទៅមក និងកាត់បន្ថយការចំណាយថវិការច្រើនថ្លៃធ្វើដំណើរ ជាពិសេសបញ្ឈប់ការធ្វើចំណាកស្រុកទៅធ្វើការនៅឆ្ងាយ។

នៅក្នុងឱកាសនោះ លោកស្រី មាន សំអាន បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ដល់លោក វ៉ី សំណាង រួមនឹងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំគៀងគរអ្នកវិនិយោគក្នុង និងក្រៅប្រទេសមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តតាកែវ ដែលបានផ្ដល់ឱកាសការងារយ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅតំបន់ លើកកម្ពស់ជីវភាពរបស់ពួកគាត់បានកាន់តែល្អប្រសើរថែមទៀត។

ប្រធានគណៈកម្មាធិការទី៨ នៃព្រឹទ្ធសភា ក៏បានជំរុញដល់អាជ្ញាធរខេត្តបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អបន្ថែមទៀត ព្រោះការងារនេះជាមូលដ្ឋានគ្រឹះនៃការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនក្នុងខេត្តកាន់តែច្រើន៕