ក្រសួងបរិស្ថានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន CANGXINLONG Food នៅខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការបំពុលចំពោះសុខភាពសាធារណៈ និងបរិស្ថាន
20-02-2026 16:17
(ប៉ៃលិន)៖ ក្រសួងបរិស្ថាន បានការដាក់ចេញវិធានការច្បាប់ជាបន្ទាន់ ចំពោះក្រុមហ៊ុន CANGXINLONG Food (Cambodia) Co.,ltd ស្ថិតក្នុងភូមិ អូររអិល ឃុំស្ទឹងកុយ ស្រុកសាលាក្រៅ ខេត្តបៃលិន ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលសុខភាពសាធារណៈ និងបរិស្ថាន ដោយបណ្តុះនូវផ្នត់គំនិតស្អាតពីក្នុងចំណោមម្ចាស់អាជីវកម្ម ដើម្បីការវិនិយោគស្អាតប្រកបដោយចីរភាពនៅទូទាំងប្រទេស ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។
វិធានការច្បាប់ និងជំហានជាបន្តបន្ទាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ គឺធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមហ៊ុន CANGXINLONG Food (Cambodia) Co.,ltd បានបង្កការបំពុលដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ដោយសកម្មភាពបញ្ចេញសំណល់រាវ ដែលល្មើសនឹងមាត្រា១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា២៣ នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា ១២ថ្មី មាត្រា ១៧ថ្មីនៃអនុក្រឹត្យ ស្តីពីការកែសម្រួលស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៥ នៃប្រកាសស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យ នៅតាមប្រភពបំពុលសក្កានុពល។
ជាមួយគ្នានោះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការសម្របសម្រួលក្នុងជំហ៊ានបឋម មុនឈានដល់ការចាត់វិធានការច្បាប់ ក្រសួងបានអនុវត្តការផ្អាកសកម្មភាពបញ្ចេញសំណល់រាវភ្លាមៗ និងបានអញ្ជើញក្រុមហ៊ុនមកណែនាំ អប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ជាអវិជ្ជមានចំពោះបរិស្ថាន សុខភាពសាធារណៈ។
សូមជម្រាបជូនថា នីតិវីធីនៃការអនុវត្តវិធានការច្បាប់ជាបន្ទាន់នេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន និងបានចុះពិនិត្យផ្ទាល់នៅតាមទីតាំង ដោយមានកិច្ចសហការពីអ្នកជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន រួមនឹងអាជ្ញាធរមូលដ្ឋាន និងបានទុកឱកាសឱ្យក្រុមហ៊ុនធ្វើការកែតម្រូវទៅតាមបច្ចេកទេស និងនីតិវិធីច្បាប់ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៕












